ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានប្រជុំដើម្បីពិនិត្យលើការព្រាងសេចក្តីណែនាំស្តីពី “ការប្រមូលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន” ដោយប្រមូលធាតុចូលដើម្បីបន្តកែលម្អសេចក្តីព្រាងនេះ ដើម្បីសម្របសម្រួលលក្ខខណ្ឌ/នីតិវិធី កុំឱ្យមានភាពស្មុគស្មាញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ និងលើកទឹកចិត្តឲ្យបញ្ជូនកុមារមករៀននៅកម្ពុជាវិញ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍ថា ឆ្នាំសិក្សា២០២៥-២០២៦ នេះ ជាឆ្នាំសិក្សាដែលក្រសួងអប់រំ យុវជន និងកីឡាផ្តោតការយកចិត្តទុក ដាក់បន្ថែមចំពោះកុមារ ឬសិស្សដែលវិលត្រឡប់ពីប្រទេសថៃ ឱ្យបានចូលរៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬទីកន្លែងសិក្សានានា ដើម្បីធានាឱ្យកុមារ/សិស្សទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត។
ក្នុងកិច្ចប្រជុំនេះ បានប្រមូលធាតុចូលដើម្បីបន្តកែលម្អសេចក្តីព្រាងនេះ លើចំណុចសំខាន់ៗ មួយចំនួនដូចជា៖ វិធីសាស្ត្រក្នុងការទទួលកុមារ ឬសិស្សដែលវិលប្រឡប់ពីប្រទេសថៃ, លក្ខខណ្ឌក្នុងការដាក់ពាក្យចូលរៀន, កម្មវិធីបំប៉នបន្ថែមសម្រាប់សិស្សរៀនខ្សោយ, ការត្រៀមមុនថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦, ការរៀបចំការបង្រៀននិងរៀន ,ការរៀបចំថ្នាក់រៀន ឬទីកន្លែងសិក្សា,ការរៀបចំសម្ភារសិក្សា និងការផ្គត់ផ្គង់,ការរៀបចំគ្រូបង្រៀន, ការចូលរួមរបស់សហគមន៍ និងដៃគូអភិវឌ្ឍ, ពិនិត្យតាមដាន និងវាយតម្លៃការសិក្សា។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីក្រសួងអប់រំ បានគូសបញ្ជាក់ថា គ្រឹះសិក្សាស្ថានសាធារណៈទាំងអស់ត្រូវទទួលកុមារចំណូលស្រុកពីប្រទេសថៃ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យចូលរៀន ដោយសម្របសម្រួលលក្ខខណ្ឌ/នីតិវិធី កុំឱ្យមានភាពស្មុគស្មាញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ខាងមុខនេះ សំដៅលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាល ឱ្យបញ្ជូនកូនទៅរៀនឱ្យបានច្រើន ដើម្បីទទួលបានការអប់រំស្របតាមវ័យរបស់ពួកគេ បើទោះជាស្ថានភាពនៅតាមព្រំដែនមិនទាន់មានភាពប្រក្រតីក៏ដោយ៕