ភ្នំពេញ៖លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ដែលជាស្ត្រីទី១កម្ពុជាភរិយាសម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ១៤ សីហានេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសសិង្ហបុរីប្រគល់ជូននូវ ពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី ២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025”។ពិធីប្រគល់នេះ រៀបចំឡើងដោយលោកស្រី Gan Siow Huang, Minister of State ទទួលបន្ទុកកិច្ចការបរទេស និងទទួលបន្ទុកក្រសួងពាណិជ្ជកម្ម និង ឧស្សាហកម្ម។
ពានរង្វាន់ “Smile Asia Philanthropic Visionary Award” បង្កើតឡើងដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ក្នុងសង្គមលើ វិស័យថែទាំសុខភាព ហើយពានរង្វាន់នេះជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូន ម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់។ចំពោះការប្រគល់ពានរង្វាន់លើកទី ២ នេះជូនលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី គឺជាការទទួលស្គាល់នូវ ស្នាដៃ សមិទ្ធផល និង ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកជំទាវបណ្ឌិត ចំពោះអង្គការ Smile Cambodia ក៏ដូចជា ការយកចិត្តទុកដាក់ចំពោះសុខភាព និង សុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។
ថ្លែងក្នុងកម្មវិធីទទួលពានរង្វាន់នេះ លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ទុកពានរង្វាន់នេះមិនត្រឹមតែជាការទទួលស្គាល់ និង ឆ្លុះបញ្ចាំងពីការលះបង់របស់លោកស្រីតែម្នាក់ប៉ុណ្ណោះទេ តែថែមទាំងជាគុណតម្លៃតបស្នងដល់ស្វាមីរបស់គឺ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, កូនៗ, ឪពុក-ម្ដាយ, ក្រុមគ្រួសារ, មិត្តភក្ដិ និង សហការីទាំងអស់របស់ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលតែងតែមានការជឿជាក់ និង ចូលរួមគាំទ្រលោកជំទាវឱ្យសម្រេចបាននូវបេសកកម្មដ៏មានសារៈសំខាន់នេះ។
បើតាមលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី គូសបញ្ជាក់ថា ស្វាមីលោកស្រីតែងតែបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គឺមិនទុកកន្លែងណាមួយ ឬជនណាម្នាក់ចោលនោះទេ។ តាមរយៈគោលជំហរនេះ, កម្ពុជាអាចសម្រេចបាននូវវឌ្ឍនភាពជាច្រើន ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ, ការលើកកម្ពស់វិស័យអប់រំ និង សុខាភិបាល ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួនទៀតដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងបន្តចូលរួមដោះស្រាយ៕