ភ្នំពេញ៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយបូមទឹកឆៅកោះនរាថ្មី នាថ្ងៃទី១៤ សីហា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដោយរោងចក្រនេះមានសមត្ថភាពផលិតទឹកស្អាតបាន ៣០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងជួយបន្ថែមសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឱ្យដល់ជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ។
រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ដែលជាហេដ្ឋារចនាសម្ព័ន្ធ សំខាន់ថ្មីមួយទៀតក្នុងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ពិធីសម្ពោធសមិទ្ធផលថ្មីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
គួរបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅគឺជាគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុន ក្រោមគំរូវិនិយោគជា “ក្រុមហ៊ុនមានកម្មវត្ថុពិសេស” ដោយប្រើប្រាស់បច្ចេកវិទ្យាជប៉ុនដែលសន្សំសំចៃផ្ទៃដី។ រោងចក្រនេះមានសមត្ថភាពផលិតទឹកស្អាតបាន ៣០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងជួយបន្ថែមសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឱ្យដល់ជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ៕