ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាថ្ងៃទី១១ ខែសីហា បានចុះបង្ក្រាបសិប្បកម្មវេចខ្ចប់ប៊ីចេង និងម្សៅស៊ុប ម៉ាក ឆេហ្វ 55 ខុសច្បាប់ បាននាំចូលផលិតផលគ្មានម៉ាកយីហោពីប្រទេសចិន រួចលួចលាក់ធ្វើការវេចខ្ចប់ដាក់ម៉ាក ឆេហ្វ 55 ប្រើប្រាស់ស្លាកសញ្ញាគុណភាព បាកូដ និងអាសយដ្ឋានផលិតនៅប្រទេសថៃ លក់ចែកចាយដោយក្លែងបន្លំដល់អ្នកប្រើប្រាស់ថាជាផលិតផលរបស់ប្រទេសថៃ។
សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងសិប្បកម្មមួយកន្លែងស្ថិតនៅសង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបាន និងកំពុង វេចខ្ចប់ ប៊ីចេង និងម្សៅស៊ុបម៉ាក ឆេហ្វ 55 ខុសច្បាប់ ដោយម្ចាស់សិប្បកម្ម ឈ្មោះ អ៊ីវ សារិន បាននាំចូល ប៊ីចេង និងម្សៅស៊ុប គ្មានម៉ាកយីហោពីប្រទេសចិន រួចលួចលាក់ធ្វើការវេចខ្ចប់ដាក់ម៉ាក ឆេហ្វ 55 ប្រើប្រាស់ស្លាកសញ្ញាគុណភាព បាកូដ និងអាសយដ្ឋានផលិតនៅប្រទេសថៃ រួចធ្វើការលក់ចែកចាយស្ទើរគ្រប់ទីផ្សារក្នុងប្រទេសកម្ពុជា ដោយក្លែងបន្លំដល់អ្នកប្រើប្រាស់ថាជាផលិតផលរបស់ប្រទេសថៃ។
ក្នុងការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារៈវត្ថុតាងដូចជា៖ ប៊ីចេង ម្សៅស៊ុបវេចខ្ចប់រួច រួមនឹងសម្បកថង់ សម្បកកេស សម្បកបាវ ម៉ាក ឆេហ្វ 55 ខុសច្បាប់ ប្រមាណជាង ៣០តោន, ម៉ាស៊ីនវាយកាលបរិច្ឆេទ ០១គ្រឿង, ម៉ាស៊ីនវេចខ្ចប់ធំ ០២គ្រឿង, ម៉ាស៊ីនវេចខ្ចប់តូច ០៣គ្រឿង, ម៉ាស៊ីនអ៊ុតកេស០២គ្រឿង, ម៉ាស៊ីនរ៉ៃ ០២គ្រឿង, រថយន្តដឹកទំនិញ ០៤គ្រឿង និងរ៉ឺម៉កសម្រាប់ដឹកទំនិញ ០៦គ្រឿង។
ក្រោយត្រួតពិនិត្យ សមត្ថកិច្ចបានសម្រេច ដកហូតសម្ភារៈវត្ថុតាងទាំងអស់ខាងលើ ហើយធ្វើការបិទផ្លំបេសិប្បកម្មមួយនេះជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ អ៊ីវ សារិន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួចក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសម្ចាស់ទីតាំងរូបនោះ តាមច្បាប់ជាធរមាន កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥៕