681 ezgif.com resize
Swift cc time

ក្រសួងការងារណែនាំឱ្យ ក្រុមហ៊ុន សហគ្រាស ព្យាយាមផ្តល់ភាពកក់ក្តៅដល់ពលករខ្មែរដែលទើបត្រឡប់មកពីថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៣ សីហា នេះ បានចេញសេចក្តីប្រកាសណែនាំឲ្យម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ សហការផ្តល់ព័ត៌មានឱកាសការងារ ប្រកបដោយពាក្យសម្ដីទន់ភ្លន់ សម្រួលការបើកប្រាក់ឈ្នួល ដើម្បីជំរុញការយកចិត្តទុកដាក់ និង ផ្តល់ភាពកក់ក្តៅជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។

យោងតាមសេចក្តីណែនាំ ក្រសួងការងារ បានរំលឹកដល់ក្រុមហ៊ុន សហគ្រាស ក្នុងស្រុក ត្រូវណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់នូវពាក្យសម្ដីទន់ភ្លន់ និង សមរម្យ ក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្តល់នូវភាពកក់ក្តៅ ជូនពលករខ្មែរដែលត្រឡប់មកពីថៃ។

សហគ្រាស ចូលរួមឱ្យបានសកម្មក្នុងវេទិកាការងារដែលក្រសួងនឹងចាប់ផ្តើមធ្វើជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅគ្រប់រាជធានី ខេត្តទាំង២៥ នៅសាខាបេឡាជាតិសន្តិសុខសង្គម និងនៅវិទ្យាស្ថានពហុបច្ចេកទេស/មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ។ សម្រាប់នៅភ្នំពេញ មានចំនួន ៤កន្លែងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), វិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) និងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)។

បន្ថែមពីនេះ ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងក៏នឹងចាប់ផ្តើមយុទ្ធនាការជុំទី៣ នៅតាមឃុំ សង្កាត់ ដើម្បីចុះឈ្មោះ អ្នកស្វែងរកការងារ និងសម្ភាសជ្រើសរើសបុគ្គលិក ដោយក្នុងមួយថ្ងៃ មានវេទិកាការងារចន្លោះពី ៨០ ទៅ ១០០ ឃុំ សង្កាត់។ សហគ្រាស ក្រុមហ៊ុន រោងចក្រ អាចចូលរួមវេទិកាការងារ ដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom ។

ក្រសួងការងារ ណែនាំឲ្យសហគ្រាស តម្រង់ទិសការងារ ដោយយកចិត្តទុកដាក់បំផុតនៅថ្ងៃចូលធ្វើការ ៣ថ្ងៃដំបូង និង សូមសម្រួល ឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយបណ្ដោះអាសន្នណាមួយ ជូនពលករខ្មែរ ដែលពុំទាន់អាចបើកគណនីធនាគារបាន៕

Khcct banner

អត្ថបទទាក់ទង