681 ezgif.com resize
Swift cc time

និស្សិតកម្ពុជាត្រឡប់មកពីថៃជាង៦៥០នាក់ បានដាក់សំណើសុំអាហារូបករណ៍សម្តេចតេជោសិក្សាក្នុងស្រុកវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ សីហា និស្សិតកម្ពុជាត្រឡប់មកពីថៃ សរុបចំនួន៦៥៩នាក់ បានសំណើសុំអាហារូបករណ៍សម្តេចតេជោសិក្សាក្នុងស្រុកវិញ។ បច្ចុប្បន្ន ក្រសួងអប់រំកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយមិនបង់ថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបសំណេះសំណាលរវាងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងនិស្សិតកម្ពុជាវិលត្រឡប់ពីប្រទេសថៃ នាថ្ងៃទី១២ សីហា បានឆ្លើយតបនឹងកង្វល់ បញ្ហាមួយចំនួនរបស់និស្សិតពាក់ព័ន្ធនឹងការដាក់សំណើសុំអាហារូបករណ៍បន្តការសិក្សាក្នុងស្រុក ជាពិសេសបានសម្របសម្រួលឱ្យមានការជួបផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យ ដើម្បីស្វែងយល់ពីលក្ខខណ្ឌផ្សេងៗគ្នាតាមសាកលវិទ្យាល័យនីមួយៗ និងបានស្នើសុំឱ្យខាងសាលាជួយសម្រួលដំណើរការនៃការចូលរៀនបន្តនេះឱ្យបានឆាប់រហ័ស។

បើតាមក្រសួងអប់រំ ក្រសួងបានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោពីនិស្សិត សរុបចំនួន៦៥៩នាក់ ក្នុងនោះលើកទី១ចំនួន១៧៩នាក់ និងលើកទី២ចំនួន៤៨៧នាក់ (បណ្ឌិត២២នាក់ បរិញ្ញាបត្រជាន់ខ្ពស់៥៥នាក់ បរិញ្ញាបត្រ៥៧៩ បរិញ្ញាបត្ររង១១នាក់ និងផ្សេងៗ ២នាក់)។ បច្ចុប្បន្ន ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយមិនបង់ថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ និស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានចំនួនសរុប១៨៧១នាក់។ ចាប់តាំងពីមានភាពតានតឹង រហូតដល់មានការផ្ទុះអាវុធនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ និស្សិតកម្ពុជាបានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ និស្សិតចំនួនប្រមាណ៨០០នាក់ បានចាកចេញពីប្រទេសថៃមក ដល់ កម្ពុជា ហើយនិស្សិតមួយចំនួនទៀតក៏មានគម្រោងធ្វើដំណើរត្រឡប់មកវិញផងដែរ៕


Khcct banner

អត្ថបទទាក់ទង