ភ្នំពេញ៖ ប្រមាណ ៦៦% នៃគ្រួសារជនភៀសសឹកនៅកម្ពុជាកំពុងរងការប៉ះពាល់ចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ បទពិសោធន៍ប៉ះពាល់ផ្លូវចិត្តទាំងនោះ រួមមាន ការជម្លៀសចេញពីផ្ទះសម្បែង បានឃើញផ្ទាល់ហេតុការណ៍នៃការផ្ទុះគ្រាប់បែក និង/ឬ ការបាញ់ប្រហារ និងការបាត់បង់សមាជិកគ្រួសារ។ នេះបើតាម ការវាយតម្លៃសុវត្ថិភាពផ្លូវចិត្ត នៅតាមជំរំជនភៀសសឹក ៤៣កន្លែង ដោយសួរសំណួរស្តង់ដាទៅកាន់ជនភៀសសឹក ចំនួន២៧៤ នាក់ ដែលត្រូវបានជ្រើសរើសដោយចៃដន្យ ដោយអង្គការទស្សន:ពិភពលោកអន្តរជាតិ ប្រចាំកម្ពុជា។
អង្គការទស្សន:ពិភពលោកអន្តរជាតិ ប្រចាំកម្ពុជាបានធ្វើការវាយតម្លៃសុវត្ថិភាពផ្លូវចិត្ត នៅតាមជំរំជនភៀសសឹក ចំនួន ៤៣កន្លែង ក្នុងខេត្តព្រះវិហារ (៧ កន្លែង), បន្ទាយមានជ័យ (១៥ កន្លែង), និងសៀមរាប (២១ កន្លែង) ដើម្បីស្វែងយល់ពី ផលប៉ះពាល់ផ្លូវចិត្តលើប្រជាជនដែលរងគ្រោះ និងធានាបាននូវការឆ្លើយតបជំនួយង្រ្គោះកាន់តែមានប្រសិទ្ធភាព។ សំណួរស្តង់ដារត្រូវបានប្រើប្រាស់ ចំនួន ២៧៤ នាក់ ដែលត្រូវបានជ្រើសរើសដោយចៃដន្យ ដោយនៅក្នុងនោះមានស្ត្រីចំនួន ១៥៨ នាក់ និងកុមារចំនួនន ៦៥ នាក់។
ការសិក្សាវាយតម្លៃថ្មីៗនេះ បង្ហាញថា ទោះបីជាជាងពាក់កណ្តាល (៥៦%) នៃមនុស្សពេញវ័យមាន អារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាពនៅក្នុងជំរំភៀសសឹកក៏ដោយ ប៉ុន្តែភាគច្រើន នៅតែមានអារម្មណ៍នឹកផ្ទះ និងព្រួយបារម្ភ អំពីសមាជិកគ្រួសារ និងបញ្ហាហិរញ្ញវត្ថុ។ កុមារបានបង្ហាញអារម្មណ៍លាយឡំគ្នា ដោយក្នុងនោះ ៤២% មានអារម្មណ៍សប្បាយរីករាយ និងមាន សុវត្ថិភាព ប៉ុន្តែ៥៨% មានអារម្មណ៍ភ័យខ្លាចពីការប៉ះពាល់នៃ ការផ្ទុះអាវុធ ការផ្ទុះគ្រាប់បែក និងការជម្លៀសចេញពីផ្ទះសម្បែង។
ការប៉ះទង្គិចផ្លូវចិត្តមានការរីករាលដាលយ៉ាងខ្លាំង ដោយអ្នកដែលត្រូវបានសម្ភាសបានរៀបរាប់ពីអាការៈមួយចំនួន ដូចជា ភ័យខ្លាច ខឹង ពិបាកគេង បាត់បង់ចំណង់អាហារ មានអារម្មណ៍ព្រួយបារម្ភ និងពិបាកផ្ចង់អារម្មណ៍។ តាមរយៈការសិក្សាដដែលៗក៏បានបង្ហាញថា មានតែ ៣៥% នៃអ្នកឆ្លើយសំណួរប៉ុណ្ណោះ ដែលដឹងថាអាចទៅរកជំនួយនៅឯណា ដែលភាគច្រើនជាជំនួយពីសាច់ញាតិ។ កុមារបានបញ្ជាក់ថា ការអប់រំ និងសម្ភារៈលេង គឺជាការចាំបាច់បំផុត ខណៈដែលមនុស្សពេញវ័យបានផ្តល់អាទិភាពលើអង្ករ គ្រឿងផ្សំសម្រាប់ចម្អិនអាហារ តង់ និងសម្ភារៈចាំបាច់ផ្សេងទៀតដូចជា សាប៊ូ កម្រាលគេង និងការស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រ។
ក្នុងនោះផងដែរ ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ផ្លូវចិត្តដោយសារតែជម្លោះ និង/ឬការជម្លៀសទីលំនៅ និងគាំទ្រគ្រួសារពេលពួកគេ ត្រឡប់ទៅផ្ទះ អង្គការទស្សន:ពិភពលោកអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្តសកម្មភាពបន្ទាន់មួយចំនួន រួមមាន៖ (១) ធានាឱ្យ មានអ្នកប្រឹក្សាផ្លូវចិត្តដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវសម្រាប់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ទាំងជួបផ្ទាល់ និងតាមសេវាហៅទូរស័ព្ទដោយឥតគិតថ្លៃ (២) រៀបចំការផ្សព្វផ្សាយ បង្កើនការយល់ដឹងដល់ប្រជាជនដែលទទួលរងផលប៉ះពាល់ពីសេវាស្វែងរកជំនួយផ្លូវចិត្ត (៣) បណ្តុះបណ្តាល អ្នកស្ម័គ្រចិត្តនៅជំរំជនភៀសសឹក និង/ឬតំណាងគណៈកម្មាធិការឃុំសង្កាត់សម្រាប់ស្ត្រីនិងកុមារ ដើម្បីជួយវាយ តម្លៃកម្រិតបញ្ហាផ្លូវចិត្ត និងបញ្ជូនទៅកាន់សេវាកម្មជំនួយ (៤) សម្របសម្រួល និងរៀបចំក្រុមគាំទ្រមិត្តជួយមិត្ត និង (៥) រៀបចំសកម្មភាព និងមេរៀនសម្រាប់កុមារ ដើម្បីជួយដោះស្រាយអារម្មណ៍ភ័យខ្លាច និងរបួសផ្លូវចិត្ត។
លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទិញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការឆ្លើយតបបន្ទាន់របស់យើងដើម្បីគាំទ្រការចាំបាច់របស់កុមារនៅក្នុងពេលវេលាដ៏ សំខាន់នេះគឺការស្វាគមន៍ពួក គេចូលរួមសិក្សាអប់រំក្រៅប្រព័ន្ធនៅទីកន្លែងកុមារមេត្រីនៅតាមជំរំជនភៀសសឹក ។ យើងសង្ឃឹមថា កម្មវិធីសិក្សា និងល្បែងលេងកម្សាន្ត នៅជំរំភៀសសឹក អាចជួយឱ្យពួកគេមានអារម្មណ៍កក់ក្តៅ និងសន្តិភាព» ។ លោកបានបន្ថែមថា៖ «របួសផ្លូវចិត្តអាចបង្កឱ្យមានផលប៉ះពាល់យូរអង្វែងលើសុខភាពផ្លូវចិត្ត និងរាងកាយ។ ដូច្នេះ វាជារឿងចាំបាច់ណាស់ដែលត្រូវផ្តល់ការគាំទ្រផ្លូវចិត្តជាបន្តបន្ទាប់ដល់ប្រជាជនដែលទទួលរងផលប៉ះពាល់ ជាពិសេសកុមារ មិនថាពួកគេស្នាក់នៅជំរំ រយៈពេលយូរ ឬត្រូវត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេ វិញក៏ដោយ»៕