681 ezgif.com resize
Swift cc time

ព្យុះទី១១ឈ្មោះ «ផដួល» នឹងបន្តមានឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃទី១២-១៩ ខែសីហា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១១ ខែសីហានេះ បានឲ្យដឹងថា ព្យុះទី១១ ឈ្មោះ ផដួល (Podul) T2511 ក្នុងឆ្នាំ២០២៥ នៅតែបន្តមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ព្យុះ ផដួល នេះ ពុំមានឥទ្ធិពលខ្លាំងមកលើ ព្រះរាជាណាចក្រកម្ពុជានោះទេ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ខែសីហា ឆ្នាំ២០២៥ តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។

ចំណែក តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមាន ភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%។

រីឯ តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខេត្តកំពត កោះកុង ព្រះសីហនុ កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់គ្របគ្របដណ្តប់លើ ផ្ទៃដី៣៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។

យោងតាមការព្យាកររបស់ក្រសួង នៅក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់ដោយមានបរិមាណ ថយចុះលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្នុងបរិមាណពីតិចទៅមធ្យមដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស៕


Khcct banner

អត្ថបទទាក់ទង