ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានបកស្រាយថា ថៃជាពូជសាសន៍មួយដែលមានដើមកំណើតនៅយូណាន ដែលគេហៅថាជនជាតិតៃ ឬ ថៃ ដោយបានហៅខ្លួនជាសៀម(Siam Kingdom )។ ក្រោយរដ្ឋប្រហារពីរបបរាជានិយមទាំងស្រុង ទៅជា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនាឆ្នាំ១៩៣២ សៀមបានដូរឈ្មោះពីរាជាណាចក្រស្យ៉ាម ទៅជា ថៃឡង់វិញ ដោយមានមហិច្ឆតាត្រួតត្រាទឹកដីទាំងអស់ណាដែលមានជនជាតិតៃ/ថៃ រស់នៅ។
លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បកស្រាយថា ថៃជាពូជសាសន៍មួយដែលមានដើមកំណើតនៅយូណាន ដែលគេហៅថាជនជាតិតៃ ឬ ថៃ ។ ជនជាតិនេះមានចែកជាកុលសម្ព័ន្ធជាច្រើន ក្នុងនេះមានសៀម វៀតណាម ( ខ្មែរហៅយួនព្រោះសម្គាល់ថាជាជនជាតិមកពីយូណាន់ = យួន ) ។ នៅពេលពួកម៉ុងហ្គោលចូលលុកលុយចិន ជនជាតិនេះក៏ចុះមកខាងត្បូងគឺសៀមមកខាងកម្ពុជា វៀតណាមមកខាងចម្ប៉ា ហើយក៏បានរីកធំធាត់ខ្លួននៅពេលដែលចក្រពខ្មែរ និង ចម្ប៉ាចុះខ្សោយ។ ពេលរីកធំធាត់ក៏សៀមនៅតែហៅខ្លួនជាសៀមដដែលទេ (Siam Kingdom )។
លោកអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជារូបនេះ បន្តថា ក្រោយពីច្បាំងចាញ់បារាំង សៀមត្រូវប្រគល់ខេត្តមួយចំនួនពិសេសបាត់ដំបង សៀមរាប មួយភាគនៃទន្លេសាប មកបារាំងត្រួតត្រាវិញ ដែលធ្វើអោយសៀមមានការឈឺចាប់យ៉ាងខ្លាំង។ នៅពេលក្រោយពីរដ្ឋប្រហារប្រែប្រទេសសៀមពីរបបរាជានិយមទាំងស្រុង ទៅជា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនាឆ្នាំ ១៩៣២ មក សៀមក៏បានដូរឈ្មោះពីរាជាណាចក្រស្យ៉ាម ទៅជា ថៃឡង់វិញ ដោយមានមហិច្ឆតាត្រួតត្រាទឹកដីទាំងអស់ណាដែលមានជនជាតិតៃ/ថៃ រស់នៅ។
ហេតុដូច្នេះ ទើបហ្លួងវិបុលសង្គ្រាមបានសរសេរថា ខ្មែរដែលកសាងអង្គរវត្តនោះបានរលាយផុតពូជហើយ អ្នកនៅបច្ចុប្បន្ននេះគឺជាជនជាតិមួយផ្សេងដែលបន្តពីខ្មែរកសាងអង្គរទេ។ ពេលបារាំងឃើញអង្គរវត្តភ្លាម បារាំងក៏បានដាក់សំណួរ ថាតើជនជាតិដែលកសាងអង្គរនេះទៅណាអស់ហើយ ? ដោយខ្មែរនៅសតវត្សរ៍ទី ១៩ ទន់ខ្សោយមែនទែន ហើយមានប្រជាជនមិនដល់មួយលាននាក់ផង។ ក្រោយពិនិត្យក្បាច់ចម្លាក់ថ្មអ្នកពោធិសាត់ និង ក្បាច់ក្បូរលើគ្រឿងប្រាក់ ស្រទបចេកបុណ្យនានា និង ពិសេសក្រោយការអានដាច់សីលាចារឹកមក ទើបគេដឹងថាគឺខ្មែរបច្ចុប្បន្ននេះហើយជាអ្នកបន្តវេនអង្គរ៕