ភ្នំពេញ៖ លោកស្រីឧកញ៉ាបណ្ឌិត កែវ មុំ ម្ចាស់សហគ្រាស ផលិតផលនំស្រួយ លី លី មានប្រសាសន៍ថា ក្រោយការបិទព្រំដែនបណ្តាលឲ្យបញ្ឃប់នូវការនាំចូលទំនិញបរទេសមកកម្ពុជា ខណៈតម្រូវការទីផ្សារក្នុងស្រុកច្រើន ផលិតផលក្នុងស្រុកហាក់មានការគាំទ្រ និងលក់ដាច់កើនឡើងប្រមាណ៣៥% ព្រមទាំងពង្រឹងរោងចក្រផលិតទឹកដោះគោជូរបន្ថែម ដើម្បីផ្គត់ផ្គង់ឲ្យគ្រប់គ្រាន់ក្នុងទីផ្សា។
លោកស្រីឧកញ៉ាបណ្ឌិត កែវ មុំ បានមើលឃើញសន្ទុះនៃការលក់ផលិតផលក្នុងស្រុកហាក់មានការកើនឡើង ក្រោយពេលមានការបិទព្រំដែនរវាងកម្ពុជា និងថៃ បណ្តាលឲ្យមានតម្រូវការផលិតផលក្នុងស្រុកច្រើន។ សម្រាប់សហគ្រាស ផលិតផលនំស្រួយ លី លី របស់លោកស្រីឧកញ៉ាបណ្ឌិត កែវ មុំ ផ្ទាល់ តាំងពីមានការបិទព្រំដែនមក សហគ្រាសផលិតផលនំស្រួយ លី លី កើនការលក់រហូតប្រមាណ៣៥%។
បើតាមលោកស្រីឧកញ៉ាបណ្ឌិត កែវ មុំ សហគ្រាសកំពុងតែបុកគ្រឹះសាងសង់រោងចក្របន្ថែម ដើម្បីពង្រីកខ្សែរសង្វាក់ផលិតកម្ម ដើម្បីបំពេញតម្រូវការទីផ្សាក្នុងស្រុកឲ្យកាន់តែប្រសើរ។ ក្នុងពេលបច្ចុប្បន្ន លោកស្រីបានបញ្ជាក់ថា នឹងពង្រឹកខ្សែសង្វាក់ផលិតកម្ម លើផលិតផលទឹកដោះគោជូរបន្ថែមទៀត។
គួរបញ្ជាក់ថា លោកស្រីឧកញ៉ាបណ្ឌិត កែវ មុំ ជាស្រី្តបទពិសោធន៍ជើងចាស់លើវិស័យនេះ ជាង២០ឆ្នាំមកហើយ ដោយបច្ចុប្បន្នលោកស្រីក៍មានតូនាទីជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ជួយបង្កើតធនធានមនុស្ស និងការបង្កើតអាជីវកម្ម តាមរយៈមុខរបរ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ៕