ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី៦ សីហា បន្តលើកទឹកចិត្ត និងផ្តាំផ្ញើដល់យុវជនកម្ពុជាដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ ចិន ឆែក ជប៉ុន បារាំង និងអៀរឡង់សរុបចំនួន៨០រូប ជាទូតសុឆន្ទៈតំណាងកម្ពុជាក្នុងការបង្ហាញពីវប្បធម៌ បេតិកភណ្ឌ ប្រពៃណីទំនៀមទំលាប់ គោលដៅទេសចរណ៍ និងភាពវិជ្ជមានរបស់កម្ពុជាទៅដល់ក្រៅប្រទេស និងជួយចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្ខូចបង្កាច់ពីប្រទេសកម្ពុជា។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រៅពីការសិក្សា ប្រជាជនកម្ពុជាម្នាក់ ឬ និស្សិតម្នាក់ៗ គឺជាទូតសុឆន្ទៈតំណាងកម្ពុជាក្នុងការបង្ហាញពីវប្បធម៌ បេតិកភណ្ឌ ប្រពៃណីទំនៀមទំលាប់ គោលដៅទេសចរណ៍ ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចពិតរបស់ប្រទេសកម្ពុជាដល់ប្រជាជនដទៃទៀតក្នុងពិភពលោក បានយល់ដឹងពីប្រទេសកម្ពុជា ជាពិសេសជួយចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្ខូចបង្កាច់ពីប្រទេសកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បានបន្ថែមថា នៅពេលបញ្ចប់ការសិក្សាដោយជោគជ័យ សូមបេក្ខជន បេក្ខនារី ត្រូវយកនូវចំណេះដឹង និងបទពិសេធល្អៗ ដែលទទួលបានពីបរទេស មកប្រើប្រាស់ និងចែករំលែកបន្តដល់យុវជន យុវនារីជំនាន់ក្រោយ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ទៅតាមជំនាញរៀងៗខ្លួន។
ការផ្តាំផ្ញើនេះ កំឡុងពេលជំនួបសំណេះសំណាល រវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ ចិន ឆែក ជប៉ុន បារាំង និងអៀរឡង់សរុបចំនួន ៨០រូប នាទីស្តីការក្រសួង៕