681 ezgif.com resize
Swift cc time

ក្រសួងការងារ«ច្រានចោល»ការបំភ្លៃរបស់កាសែតថៃថាពលករខ្មែរចាកចេញពីថៃក្រោយខ្លាចការគំរាមដកសញ្ជាតិ និងរឹបអូសដីធ្លី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ពលរដ្ឋខ្មែរត្រលប់មកកម្ពុជាយ៉ាងគំហុក ដោយសារអំពើហិង្សាពីក្រុមជ្រុលនិយមថៃមកលើពលរដ្ឋខ្មែរ មិនមែនដូចការបំភ្លៃរបស់កាសែតថៃដែលថា“ពលករខ្មែរចាកចេញពីថៃដោយសារការគំរាមដកសញ្ជាតិ និងរឹបអូសដីធ្លី”នោះទេ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ។

ការប្រកាសនេះ បន្ទាប់ពីមានការផ្សព្វផ្សាយបែបបំភ្លៃរបស់កាសែតថៃ Khaosod English ដែលបានលើកឡើងថា ពលរដ្ឋកម្ពុជាវិលមកកម្ពុជាយ៉ាងគំហុកនេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។ បើតាមលោក ស៊ុន មេសា ការបញ្ជាក់ឆ្លើយតបនេះ គឺស្របពេលដែលពលរដ្ឋខ្មែរដែលធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃប្រមាណ៧៥ម៉ឺននាក់បានវិលមកកាន់កម្ពុជាវិញ។

ជាការឆ្លើយតប លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានអះអាងថា កម្ពុជាគ្មានការគំរាមកំហែងបែបនេះឡើយ ហើយមូលហេតុចម្បងដែលធ្វើឱ្យពលរដ្ឋខ្មែរត្រលប់មកកម្ពុជាយ៉ាងគំហុកនេះ ដោយសារអំពើហិង្សាពីក្រុមជ្រុលនិយមថៃមកលើពលរដ្ឋខ្មែរដែលមិនទាន់មានចំណាត់ការនៅឡើយ ការឈ្លានពានពីយោធាថៃមកកម្ពុជា និងការអំពាវនាវពីសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល រួមទាំងការចង់វិលមកជួយសេដ្ឋកិច្ចប្រទេសជាតិវិញរបស់ពលរដ្ឋខ្មែរ។

ក្រសួងការងារ បន្តអំពាវនាវឱ្យពលរដ្ឋខ្មែរដែលនៅប្រទេសថៃសូមបន្តវិលមកស្រុកកំណើតវិញ នៅពេលដែលទទួលរងការបំភិតបំភ័យ វាយធ្វើបាប និងមិនឱ្យតម្លៃ។ បន្ថែមពីនេះ ក្រសួងការងារបាននិងកំពុងធ្វើយុទ្ធនាការជំហានទី២ ដើម្បីផ្តល់ឱកាសការងារជូនបងប្អូនពលរដ្ឋខ្មែរដែលទើបត្រលប់មកពីប្រទេសថៃនៅតាមឃុំចំនួន៣០០កន្លែងនៅទូទាំងប្រទេស។

ក្រសួងការងារ ផ្តល់ឱកាសការងារទាំងថ្មី និងចាស់ប្រមាណជាង ៥៥ម៉ឺនកន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃដោយគ្រាន់តែបញ្ជាក់ថា “ត្រូវការការងារ និងការរៀនជំនាញសូមទាក់ទងតាមលេខទូរសព្ទ ១២៩៧”៕


Khcct banner

អត្ថបទទាក់ទង