កំពង់ចាម៖ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន និងឧកញ៉ាបណ្ឌិត លី រិទ្ធ តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី៤ និងទី៥ ខែសីហា ឆ្នាំ២០២៥ បានបន្តដឹកនាំសមាជិកចូលរួមគោរពវិញ្ញាណក្ខន្ធយោធិនពលី ៥រូបនៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងស្ទឹងត្រែង។
បើតាមសមាគមឧកញ៉ាកម្ពុជា យោធិនពលីទាំង៥រូបមានដូចជា៖ ១. លោកអនុសេនីយ៍ឯក សៀង សាត ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិនៅតំបន់មុំ៣ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដោយពិធីបុណ្យប្រារព្ធនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
២. លោកអនុសេនីយ៍ត្រី ភាព សោភ័ណ យោធិននៃបញ្ជាការដ្ឋានយោធភូមិភាគទី២ កងទ័ពជើងគោក ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិនៅចំណុចតំបន់ប្រាសាទតាក្របី ដោយពិធីបុណ្យប្រារព្ធនៅភូមិបែកអន្លូងទី២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៣. លោកព្រិន្ទបាលទោ ឆៃ រ័ត្ន នាយទាហានកងពលតូចអន្តរាគមន៍លេខ៩ វីរសេនាតូចអន្តរាគមន៍លេខ៣៩៤ ដែលបានពលីជីវិតក្នុងជន្មាយុ៤៧ឆ្នាំក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិប្រយុទ្ធខេត្តព្រះវិហារដោយពិធីបុណ្យប្រារព្ធនៅភូមិក្តុលកណ្តាល ឃុំទ្រាស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
៤. លោកអនុសេនីយ៍ឯក អ៊ុត វណ្ណា ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិវាយបកប្រឆាំងទប់ទល់នឹងកងកម្លាំងថៃឈ្លានពាននៅចំណុចតំបន់ប្រាសាទតាក្របី ដោយពិធីបុណ្យប្រារព្ធនៅភូមិបុរីតេជោសែនកើត ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
៥. លោកពលបាលឯក ស៊ីថា រិទ្ធី យុទ្ធជននៃវរសេនាតូចអន្តរាគមន៍២៨២ កងពលអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលបានពលីនៅសមរភូមិបុស្បូវ-ជាំតែ ដោយពិធីបុណ្យប្រារព្ធនៅភូមិកណ្តាល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ជាមួយគ្នានេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្ដម ខ្លូត ចិន្ដា អភិបាលរងខេត្តកំពង់ចាម ក៏ដូចជាឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងស្ទឹងត្រែងផងដែរ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានពាំនាំនូវសារចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជាព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតជូនក្រុមគ្រួសារ នៃសពវីរជនទាំង ៥រូប។
មរណភាពរបស់យោធិនទាំង ៥រូបគឺជាការបាត់បង់កូនប្រុសដ៏កត្តញ្ញូ បាត់បង់ស្វាមីដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា ជាឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនហើយក៏ជាការបាត់បង់នូវយោធិនដ៏អង់អាចក្លាហានដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។
វីរភាពរបស់លោកនឹងស្ថិតក្នុងការចងចាំនៃដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបាន ហើយកេរ្តិ៍ឈ្មោះរបស់លោកនឹងត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្រជាតិ។ សមាគមឧកញ៉ាកម្ពុជាឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរជនទាំង ៥រូប ឱ្យបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕