ឧត្តរមានជ័យ,ព្រះវិហារ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី-សប្បុរសជនក្នុងនិងក្រៅប្រទេស នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បាននាំយកស្បៀងអាហារនិងសម្ភារៈ ជូនដល់ប្រជាជនភៀសសឹកជាច្រើនគ្រួសារ និងឧបត្ថមជូនក្រុមគ្រូទេព្យស្ម័គ្រចិត្តប្រចាំមណ្ឌល និងសម្ភារសំខាន់ៗមួយចំនួនជូនវីរកងទ័ពកម្ពុជាជួរមុខនៃខេត្តឧត្តរមានជ័យ គិតជាទឹកប្រាក់សរុបចំនួន ៧៣ ៥០៨.២៩ដុល្លារ។ បន្ទាប់មកទៀត នៅថ្ងៃទី៥សីហានេះ ធនាគារ ARDB ព្រមទាំងសប្បុរសជនក៏បានបន្តសកម្មភាពដដែល ចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនជនភៀសសឹកនិងវីរកងទ័ពនៅខេត្តព្រះវិហារ។
លោកបណ្ឌិត កៅ ថាច និងក្រុមគ្រួសារ ព្រមទាំងសហការី-សប្បុរសជនក្នុងនិងក្រៅប្រទេស បាននាំយកស្បៀងអាហារនិងសម្ភារៈ ជូនដល់ប្រជាជនភៀសសឹកចំនួន ២,៦៥០ គ្រួសារ, ឧបត្ថមជូនក្រុមគ្រូទេព្យស្ម័គ្រចិត្តប្រចាំមណ្ឌល និងសម្ភារសំខាន់ៗមួយចំនួនជូនវីរកងទ័ពកម្ពុជាជួរមុខ គិតជាទឹកប្រាក់សរុបរួមចំនួន ៧៣ ៥០៨.២៩ ដុល្លារ ដោយក្នុងនោះទទួលបានការចូលរួមពី៖ លោកបណ្ឌិត កៅ ថាច និងគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារ ARDB ចំនួន ៣៩ ៩០១.២៩ ដុល្លារ, ក្រុមហ៊ុន City Rice ចំនួន ៨ ៣០០ ដុល្លារ, ក្រុមហ៊ុន ហង្សហាវេសចំនួន ២ ៩០០ ដុល្លារ និងសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងហកស្បេ ប្រទេសនូវែលហ្សេឡង់ចំនួន ៣៧ ៨៥០ NZD (ស្ទើរនឹង ២២ ៤០៧ ដុល្លារ)។
បើតាមធនាគារ ARDB ក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងដើម្បីជួយសម្រាលបន្ទុកដល់ជនភៀសសឹក ក៏ដូចជាវីរកងព័ទ បងប្អូនពីសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងហកស្បេ ប្រទេសនូវែលហ្សេឡង់ បានរួមចំណែកជាថវិកា និងបានចូលរួមក្នុងកម្មវិធីនេះដោយផ្ទាល់ផងដែរ។
រីឯនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងគ្រួសារ ព្រមទាំងសហការី-តំណាងសប្បុរសជនពីក្រុមហ៊ុន City Rice, រោងម៉ាស៊ីន ស៊ីវឡាយ និង ជាពិសេសតំណាងសប្បុរសជនពីសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងហកស្បេ ប្រទេសនូវែលហ្សេឡង់ បានបន្តដំណើរចុះសួរសុខទុក្ខដល់វីរកងទ័ពដែលរងរបួស ក៏ដូចជាបាននាំយកនូវថវិកា, ផ្លែឈើ ម្ហូបអាហារ និង សម្ភារប្រើប្រាស់ ជូនដល់វិរកងទ័ពកម្ពុជា ដើម្បីសម្ដែងនូវការដឹងគុណ សម្រាប់ការលះបង់ដ៏ធំធេងដើម្បីការពារបូរណៈភាពដែនដីខ្មែរ ពីការឈ្លានពានដោយកងទ័ពសៀម។
គួរបញ្ជាក់ថា ថវិកាពីរបងប្អូនក្នុងសហគមន៍ខ្មែរនេះសរុបរួមចំនួន ៣៧ ៨៥០ NZD គឺថវិកា ៣ ៦០០ NZD (ស្មើនឹង ២ ១២៩ USD) បានពីមូលនិធិដកសល់ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ មិថុនា ២០២៥ និង ថវិកាចំនួន ៣៤ ២៥០NZD (ស្មើនឹង ២០ ២៧៨ USD) បានពីការចូលរួមបន្ថែមក្នុងខែកក្កដា ឆ្នាំ២០២៥នេះ៕