ភ្នំពេញ៖ ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek បានជួបពិភាក្សាការងារជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីបង្ហាញពីគោលបំណងស្វែងរកឱកាសវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។
បើតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគដ៏សំខាន់មួយក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជា។ ក្នុងជំនួបនេះ លោក Pravel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Salmon Group បានលើកឡើងពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន Salmon Group គំរូអាជីវកម្មដែលផ្តោតលើហិរញ្ញវត្ថុឌីជីថល និងសារៈសំខាន់នៃបទប្បញ្ញាត្តិដែលមានភាពអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍនវានុវត្តហិរញ្ញវត្ថុថែមទៀត។
ជាការឆ្លើយតប លោកស្រីទេសាភិបាល បានស្វាគមន៍ចំពោះការចាប់អារម្មណ៍លើសក្តានុពលវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា និងបានមានប្រសាសន៍ពីច្បាប់ស្តីពីវិនិយោគកម្ពុជាដែលមានលក្ខណៈបើកចំហរសម្រាប់វិនិយោគិនបរទេស ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដែលមានលក្ខណៈអំណោយផល។
លើសពីនេះ លោកស្រីបានណែនាំ និងផ្តល់អនុសាសន៍ពីជម្រើសសំខាន់ៗមួយចំនួនសម្រាប់ការចូលមកវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាលើកដំបូងឱ្យទទួលបានជោគជ័យ ដើម្បីផ្តល់ជាសារដ៏សំខាន់ក្នុងការផ្តល់ទំនុកចិត្តនិងការទាក់ទាញវិនិយោគបន្ថែមទៀតមកកម្ពុជា។
លោកស្រីក៏បានលើកទឹកចិត្តឱ្យបន្តទំនាក់ទំនងជាមួយមន្រ្តីជំនាញដើម្បីផ្លាស់ប្តូរព័ត៌មាន សំដៅធ្វើការសម្រេចចិត្តវិនិយោគត្រឹមត្រូវ ព្រមទាំងបានជំរុញឱ្យក្រុមវិនិយោគិនទៅទស្សនាសារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ.) ផងដែរ ដើម្បីឈ្វេងយល់ពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុកម្ពុជា៕