ព្រះវិហារ៖ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC) នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានរៀបចំ«យុទ្ធនាការគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក» ជួបពិភាក្សាអ្នកឯកទេសចិត្តវិទ្យា និងអប់រំកុមារ ដើម្បីបន្ថយការប៉ះទង្គិចផ្លូវចិត្ត នៅទីតាំងដែលមានប្រជាពលរដ្ឋបានជម្លៀសមកស្នាក់នៅជាបណ្ដោះអាសន្ន ច្រើនជាងគេនៅខេត្តព្រះវិហារ គឺប្រមាណ ៤៧០០គ្រួសារ ស្មើនឹង ១៦០០០នាក់។
យុទ្ធនាការនេះ ដឹកនាំដោយលោកជំទាវ អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធ បាននាំយកនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ រួមជាមួយសម្ភារកុមារ មកចែកជូនប្រជាជនភៀសសឹកក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
យុទ្ធនាការនេះ ក៏បានអញ្ជើញអ្នកឯកទេសចិត្តវិទ្យា និងអ្នកឯកទេសអប់រំកុមារ មកជួបពិភាក្សាសំណេះសំណាលផ្តល់ការគាំទ្រផ្លូវចិត្តដល់ ពុកម៉ែ បងប្អូន និងនាំកុមារតូចៗ លេងល្បែងកំសាន្ត ដើម្បីរំសាយអារម្មណ៍ភ័យខ្លាច និងក្ដីព្រួយបារម្ភ បន្ទាប់ពីបានទទួលរងនូវការប៉ះទង្គិចផ្លូវចិត្តនៅពេលផ្លាស់ទីលំនៅ ដោយសារសង្គ្រាម។
ជាការឆ្លើយតប ប្រជាពលរដ្ឋភៀសសឹក និងកុមារ បានសម្តែងនូវសេចក្តីសប្បាយរីករាយ និងយល់ថាពួកគាត់មិនឯការនោះទេ នៅពេលមានស្ថាប័ននានា និងសប្បុរសជនជាច្រើន នៅតែបន្តការផ្គត់ផ្គង់ និងគាំទ្រក្រោមគ្រប់រូបភាព តាមលទ្ធភាពរហូតដល់បងប្អូនអាចវិលត្រលប់ទៅផ្ទះរស់នៅតាមជីវភាពធម្មតាវិញ៕