681 ezgif.com resize
Swift cc time

ក្រសួងអប់រំរៀបចំកិច្ចប្រជុំពិនិត្យ«គម្រោងថវិកាឆ្នាំ២០២៦» ត្រៀមសម្រាប់ជំនួបជាមួយក្រសួងសេដ្ឋកិច្ច

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រួចសកម្មភាពអាទិភាពទាំងក្នុងនិងក្រៅគម្រោង សម្រាប់បញ្ចូលទៅក្នុងគម្រោងកញ្ចប់ថវិកាឆ្នាំ២០២៦។ កិច្ចប្រជុំដ៏សំខាន់នេះត្រូវបានដឹកនាំដោយថ្នាក់ដឹកនាំក្រសួងអប់រំផ្ទាល់ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងមន្ត្រីជំនាញក្រោមឱវាទជាច្រើនរូប។

យោងតាមគេហទំព័រនៃរដ្ឋមន្រ្តីក្រសួងអប់រំ បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងរៀបចំខ្លួនឲ្យបានល្អប្រសើរ មុននឹងក្រសួងចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ថ្នាក់ដឹកនាំបានពិនិត្យនិងពិភាក្សាលើចំណុចសំខាន់ៗជាច្រើន ក្នុងនោះមានដូចជា គោលការណ៍នៃការគ្រោងថវិកាឆ្នាំ២០២៦ ស្ថានភាពគម្រោងថវិកាឆ្នាំ២០២៦ ក្រោយកិច្ចប្រជុំកម្រិតបច្ចេកទេស ក៏ដូចជាការពិនិត្យលើគម្រោងថវិកាដែលព្យួរទាំងក្នុងគម្រោងនិងក្រៅគម្រោង។ ក្រៅពីនេះ កិច្ចប្រជុំក៏បានផ្តោតលើសកម្មភាពអនុវត្តសូចនាករស្នូលនៃគម្រោងនានាផងដែរ។

បើតាមក្រសួងអប់រំ ដើម្បីជំរុញប្រសិទ្ធភាពការងារ និងជាមូលដ្ឋានសម្រាប់ការអនុវត្តបន្ត ថ្នាក់ដឹកនាំក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែរ។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីនៃក្រសួងអប់រំ បានផ្តល់ជាអនុសាសន៍ ដូចជា៖ ១) ត្រូវពិនិត្យ ថ្លឹងថ្លែង កំណត់ឱ្យបានច្បាស់នូវអាទិភាពថវិកា និងរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ ២) ត្រួតពិនិត្យផ្ទៃក្នុងឡើងវិញដោយផ្តោតលើសកម្មភាពចាំបាច់ដែលត្រូវតែអនុវត្តដើម្បីគាំទ្រដល់ការអប់រំ កម្មវិធីយុវជន និងកីឡា ៣) ត្រៀមកញ្ចប់ថវិកាដើម្បីគាំទ្រដល់ដំណើការសាលារៀននៅតាមព្រំដែនឡើងវិញ ៤) អង្គភាពនីមួយៗត្រូវត្រៀមថវិកាបម្រុងដើម្បីចូលរួមចំណែកជួយដល់ខេត្ត ឬតំបន់ដែលរងផលប៉ះពាល់ និង ៥) សូមរៀបចំរបាយការណ៍បង្ហាញពីការខិតខំប្រឹងប្រែងដើម្បីសម្រេចបានសូចនាករសំខាន់ៗ និងរបាយការណ៍សមិទ្ធផលក្នុងវិស័យអប់រំនាពេលកន្លងមក។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំក៏បានណែនាំឲ្យត្រៀមកញ្ចប់ថវិកាដើម្បីគាំទ្រដល់ដំណើរការសាលារៀននៅតាមតំបន់ព្រំដែនឡើងវិញ និងតម្រូវឲ្យអង្គភាពនីមួយៗត្រៀមថវិកាបម្រុងដើម្បីជួយដល់ខេត្តឬតំបន់ដែលរងផលប៉ះពាល់ផងដែរ៕

Khcct banner

អត្ថបទទាក់ទង