681 ezgif.com resize
Swift cc time

ក្រសួងការងារ ផ្តល់វគ្គបណ្តុះបណ្តាលក្នុងផ្នែក«រដ្ឋបាលនិងធនធានមនុស្ស»នៃសហគ្រាស គ្រឹះស្ថាន ដោយឥតគិតថ្លៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់វគ្គបណ្តុះបណ្តាលពិសេសសម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាលនិងធនធានមនុស្សនៃសហគ្រាស គ្រឹះស្ថាន ដែលមានរយៈពេល ៣០ម៉ោងដោយឥតគិតថ្លៃសម្រាប់ឆ្នាំ២០២៥។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់វគ្គបណ្តុះបណ្តាលពិសេសសម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាលនិងធនធាន មនុស្សនៃសហគ្រាស គ្រឹះស្ថាន ដែលមានរយៈពេល ៣០ (សាមសិប) ម៉ោងដោយឥតគិតថ្លៃសម្រាប់ឆ្នាំ២០២៥ ជូនចំពោះសហគ្រាស គ្រឹះស្ថាន ដែលបានចុះឈ្មោះប្រើប្រាស់សេវាសាធារណៈក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួម។

បើតាមក្រសួងការងារ ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវចាត់បញ្ជូនកម្មករនិយោជិតចំនួន ១រូប ប្រចាំសហគ្រាស/គ្រឹះស្ថាន ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល ដោយបុគ្គលនោះ ត្រូវតែកំពុងបំពេញតួនាទីជាប្រធានផ្នែករដ្ឋបាល និង/ឬធនធានមនុស្ស នៃសហគ្រាស គ្រឹះស្ថាន ដោយមានបទពិសោធការងារជាប្រធានផ្នែករដ្ឋបាល និង/ឬធនធានមនុស្ស យ៉ាងតិច ៣ឆ្នាំជាប់គ្នា ព្រមទាំងមានលិខិតបញ្ជាក់ពីនិយោជកដែលជាម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន។

បើតាមប្រភពដដែល បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលខាងលើដោយជោគជ័យ សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្រ បញ្ជាក់ការចូលរួមសម្រាប់ស្នើសុំលិខិតទទួលស្គាល់គុណវុឌ្ឍបុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស នៃសហគ្រាស គ្រឹះស្ថាន ដោយឥតគិតថ្លៃ ដែលមានសុពលភាពរយៈពេល ៣ឆ្នាំ។ ការប្រកាសផ្តល់វគ្គបណ្តុះបណ្តាលនេះ ដើម្បីចូលរួមលើកកម្ពស់ផលិតភាពការងារនៅតាមសហគ្រាស គ្រឹះស្ថាន ទាំងអស់សំដៅធានាឱ្យបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ៕

Khcct banner

អត្ថបទទាក់ទង