681 ezgif.com resize
Swift cc time

«ពលករខ្មែរមកពីថៃ»ជិត២ពាន់នាក់ទទួលបានការងារធ្វើភ្លាមក្នុងយុទ្ធនាការថ្ងៃទី១របស់ក្រសួងការងារកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រជាពលរដ្ឋ និងពលករខ្មែរមកពីថៃ ចាប់អារម្មណ៍ពីការងារនានារបស់មន្ត្រីក្រសួង។រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ២ សីហាម្សិលមិញ បានផ្សព្វផ្សាយស្តីពី ឱកាសការងារ និង ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃ បានចំនួនជាង៩ពាន់នាក់ ខណៈដែលអ្នកចូលរួមប្រមាណជិត ២ពាន់នាក់ទទួលបានការងារបឋម។ 

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានគូសបញ្ជាក់នៅថ្ងៃទី៣ ខែសីហានេះថា “ក្នុងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១នៃយុទ្ធនាការចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបងប្អូនពលករខ្មែរដែលទើបមកពីថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងអត្ថប្រយោជន៍ប.ស.ស.ជាច្រើនដែលនៅមិនមាន។ ជាមួយគ្នានេះ ខ្ញុំក៏សូមអបអរសាទរដល់បងប្អូនដែលទទួលបានឱការការងារភ្លាមៗជិត២ពាន់កន្លែងផងដែរ”។

បើតាមអ្នកនាំពាក្យដដែល ក្នុងយុទ្ធនាការថ្ងៃទី១នេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយដល់ឃុំសង្កាត់ចំនួន ២៨ ក្នុងខេត្តចំនួន ៧ ដែលរួមមាន៖ ខេត្តកំពង់ធំ, កំពង់ចាម, កំពត, ពោធិ៍សាត់, ព្រៃវែង, សៀមរាប, និងស្វាយរៀងដោយមានក្រុមហ៊ុនឯកជនចំនួន ៣០ បានចូលរួម។

សូមរម្លឹកថា ក្នុងគោលបំណងផ្តល់ការងារដល់ពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃភ្លាមៗ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាចុះផ្សព្វផ្សាយការជំហានទី២ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នៅតាមឃុំ-សង្កាត់គោលដៅចំនួន ៣០០ ក្នុងខេត្តចំនួន ១៣ នៅទូទាំងប្រទេស ខណៈដែលក្រសួង ក៏គ្រោងនឹងរៀបចំផែនការជំហានទី៣ និងទី៤ បន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង