សៀមរាប៖ ក្រុមហ៊ុន TUI BLUE HOTELS & RESORTS ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ធំមួយក្នុងពិភពលោក និងធំនៅប្រទេសអាលឺ្លម៉ង់ គ្រប់គ្រងលើសណ្ឋាគារ និងរីសេត បានទាក់ទាញវិនិយោគិនមកវិនិយោគលើការបង្កើតសណ្ឋាគារដ៏ប្រណិតកម្រិតពិភពលោក និងលំដាប់អភិជន Tui Blue Angkor Grace ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ សណ្ឋាគារដ៏ប្រណិតនេះ ជាគម្រោងវិនិយោគទី២របស់ខ្លួននៅកម្ពុជា ហើយត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរសម្ពោធបើកដំណើរការជាផ្លូវការ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
បើតាមក្រសួងទេសចរណ៍ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ង៉ូវ សេងកាក់ អភិបាលរងខេតសៀមរាប លោក Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអាឡឺម៉ង់ប្រចាំកម្ពុជា លោក Artur Gerber នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TUI BLUE HOTELS & RESORTS លោកស្រី Elain Younn ស្ថាបនិករីសត Angkor Grace ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការជំនឿទុកចិត្តដ៏មុតមាំលើរាជរដ្ឋាភិបាលកម្ពុជារបស់ ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់អាល្លឺម៉ង់ និងលោកស្រីម្ចាស់រីសតដែលរួមគ្នាបណ្តាក់ទុនវិនិយោគបង្កើតជារីសតផ្នែកសុខមាលភាពដ៏ប្រណិត និងលំដាប់ពិភពលោកនៅក្នុងខេត្តសៀមរាប។ តាមរយៈការបង្កើតនូវរីសតដ៏ប្រណិត និងការផ្តល់ជូននូវសេវាកម្មសុខមាលភាពស្តង់ដារអន្តរជាតិ ពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការផ្តល់នូវការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសជួលដល់ពលករខ្មែរដែលបានវិលត្រលប់មកពីប្រទសថៃវិញនាពេលនេះ។
លោក Artur Gerber នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TUI BLUE HOTELS & RESORTS បានបញ្ជាក់ជូនថាការបើកដំណើរសណ្ឋាគារនេះ ជាគម្រោងវិនិយោគទី២របស់ក្រុមហ៊ុននៅកម្ពុជា ហើយវត្តមានរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជានាពេលនេះ គឺផ្អែកលើសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លា និងបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែបជាមួយនឹងកិច្ចសហការគាំទ្រដ៏ល្អពីក្រសួងទេសចរណ៏ និងគ្រប់ភាគីពាក់ព័ន្ធ។
លោកស្រី Elain Younn ស្ថាបនិករីសត Angkor Grace បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនដល់គណៈអធិបតី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ ដោយបានស្នើសុំជួយផ្សព្វផ្សាយពីភាពអច្ឆរិយៈនៃប្រាសាទអង្គរវត្ត និងខេត្តសៀមរាប ព្រមទាំងវប្បធម៌បេតិកភណ្ឌដ៏មានតម្លៃរបស់កម្ពុជាដល់ពិភពលោកទាំងមូល។
គួរបញ្ជាក់ថា ក្រុមហ៊ុន TUI BLUE HOTELS & RESORTS គឺជាក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ធំមួយក្នុងពិភពលោក និងធំនៅប្រទេសអាលឺ្លម៉ង់ គ្រប់គ្រងលើសណ្ឋាគារ និងរីសេតចំនួនជាង៤០០កន្លែងដ៏ពេញនិយមជុំវិញពិភពលោក ដោយមានម៉ាកសញ្ញាពាណិជ្ជកម្មដ៏ល្បីច្រើនជាង១០ម៉ាក៕