នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលរួមមានសមាសភាព អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប បានបន្តចូលរួមគោរពវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក ណៃ ចន្នី យោធិននៃកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីជីវិតប្រយុទ្ធលើសមរភូមិដើម្បីការពារបូរណភាពទឹកដីក្នុងការប្រយុទ្ធជាមួយកងទ័ពឈ្លានពានសៀម កាលពីថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៤៥ឆ្នាំ ដោយពិធីបុណ្យសពដែលបានប្រារព្ធធ្វើនៅគេហដ្ឋានស្ថិតនៅភូមិរំលឹក ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទើបតែបានបញ្ចប់តាមគន្លងប្រពៃណី។
នៅព្រឹក ថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា លី ប៉ោយូ សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលរួមមានសមាសភាព អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ តែម សុខជា ជាយោធិនបម្រើការងារនៅកងពលតូចលេខ៨ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃកងយុទ្ធពលខេមរភូមិន្ទ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធក្នុងខេត្តព្រះវិហារដើម្បីការពារបូរណភាពទឹកដីតទល់នឹងកងទ័ពឈ្លានពានសៀម កាលពីថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយពិធីបុណ្យសពកំពុងប្រារព្ធធ្វើនៅគេហដ្ឋានស្ថិតក្នុងភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា លី ប៉ោយូ បានពាំនាំនូវការចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខពីសមាគមឧកញ៉ាកម្ពុជា ជូនក្រុមគ្រួសារ នៃសពចំពោះមរណភាពរបស់ លោកអនុសេនីយ៍ទោ តែម សុខជា ដែលជាកុលបុត្រខ្មែរមួយរូបប្រកបដោយវីរភាពដ៏អង់អាចក្លាហានពោរពេញដោយស្មារតីស្នេហាជាតិមាតុភូមិ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ តែម សុខជា សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ វីរភាពដ៏អង់អាចរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបាន៕