ភ្នំពេញ៖ ក្រសួងព័ត៌មាន នាថ្ងៃទី១ សីហា ២០២៥ បានចេញសេចក្ដីណែនាំស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយ និងចែកចាយព័ត៌មាន ដែលអាចផ្ដល់ផលអវិជ្ជមានដល់សន្តិសុខជាតិ ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានប្រដាប់អាវុធពីសំណាក់កងទ័ពថៃ និងការអនុវត្តបទឈប់បាញ់បណ្ដោះអាសន្ន។ សេចក្ដីណែនាំនេះបានចេញមក បន្ទាប់ពីក្រសួងបានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានបង្ហោះរូបភាព និងព័ត៌មានពីសមរភូមិជួរមុខ ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ។
យោងតាមសេចក្តីណែនាំនៃក្រសួងព័ត៌មាន បានឱ្យដឹងថា ខ្លឹមសារសំខាន់ៗនៃសេចក្ដីណែនាំរួមមាន ការធ្វើដំណើរទៅកាន់សមរភូមិជួរមុខ ព័ត៌មានហាមឃាត់ និង ការធានាភាពត្រឹមត្រូវនៃព័ត៌មាន។
បើតាមក្រសួងព័ត៌មាន ការធ្វើដំណើរទៅកាន់សមរភូមិជួរមុខតម្រូវឱ្យអ្នកសារព័ត៌មានត្រូវជូនដំណឹង និងស្នើសុំការអនុញ្ញាតពីក្រសួងព័ត៌មាន និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។ ការចុះយកព័ត៌មានត្រូវកាត់បន្ថយជាអតិបរមា ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងសន្តិសុខជាតិ។
ក្រសួងបានគូសបញ្ជាក់ពីព័ត៌មានហាមឃាត់គឺ ហាមដាច់ខាតការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងទីតាំងកងទ័ព ការចល័តទ័ព ទីតាំងលេណដ្ឋាន គ្រឿងសព្វាវុធ និងយុទ្ធសាស្ត្រសម្ងាត់នានា ដែលអាចបង្កគ្រោះថ្នាក់ដល់កងទ័ព និងសន្តិសុខជាតិ។ ជាពិសេស រាល់ការផ្សព្វផ្សាយត្រូវធានាថាមិនប៉ះពាល់ដល់សន្តិសុខជាតិ ឯកភាពជាតិ ការបាក់ទឹកចិត្តកងទ័ព និងទំនាក់ទំនងអន្តរជាតិ។ ព័ត៌មានទាំងអស់ត្រូវផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការពីថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធ។
ក្រសួងព័ត៌មាននឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលមិនគោរពតាមសេចក្ដីណែនាំនេះ។ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យចែករំលែកព័ត៌មានមិនពិត និងចូលរួមចំណែកការពារសេចក្ដីពិត សន្តិភាព និងសាមគ្គីភាពជាតិ។ ក្រសួងជឿជាក់ថា ការចូលរួមរបស់គ្រប់ភាគីនឹងជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលភាគីម្ខាងទៀតអាចបង្កើតឡើងដើម្បីជាលេសឈ្លានពានបូរណភាពទឹកដីកម្ពុជា៕