ភ្នំពេញ៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯក ពោ វៃ យោធិន នៃកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃកងយោធពលខេមភូមិន្ទដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនៅសមរភូមិប្រយុទ្ធប្រឆាំងនឹងកងទ័ពឈ្លានពានថៃ ចំណែកឯពិធីបុណ្យសពកំពុងប្រារព្ធធ្វើនៅវត្តវាលស្បូវ។
បើតាមសមាគមឧកញ៉ាកម្ពុជា ក្នុងវេលាដ៏ក្រៀមក្រំនេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានពាំនាំនូវការចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខពីសមាគមឧកញ៉ាកម្ពុជា ជូនក្រុមគ្រួសារ នៃសពចំពោះមរណភាពរបស់លោកអនុសេនីយ៍ឯក ពោ វៃ ដែលជាស្វាមី និងជាឪពុកមួយរូបដែលប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងជាវីរជនដ៏អង់អាចក្លាហានពោរពេញដោយស្មារតីស្នេហាជាតិមាតុភូមិ។
សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក ពោ វៃ ឱ្យបានបដិសន្ធិក្នុងសុគតិភព៕