សៀមរាប៖ ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា នាថ្ងៃទី៣១ ខែកក្កដា បានបើកសម្ពោធឱ្យដំណើរការសម្រាប់ភ្ញៀវទេសចរ ក្រោមជំនួយថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាង រវាងកម្ពុជា និងចិន ក្រោយបានជួសជុលរួចរាល់ជាស្ថាពរ។
លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានអញ្ជើញក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា ក្រោមជំនួយថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាដែលធ្លាប់តែរងការខូចខាត គឺបានជួសជុលរួចរាល់ជាស្ថាពរហើយក្រោមជំនួយឧបត្ថម្ភMekong-Lanchang)របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងពិធីនេះ លោក Lu Qizhi អគ្គកុងស៊ុលចិន បានថ្លែងថា រដ្ឋាភិបាលចិនបញ្ចប់ជំនួយតែត្រឹមការជួសជុលស្ពានហាលផ្នែកខាងកើតរបស់ប្រាសាទបេងមាលាប៉ុណ្ណោះទេ គឺរដ្ឋាភិបាលចិនបានអនុម័តលើគម្រោងឧបត្ថម្ភដំណាក់កាលទី២រួចហើយ ដើម្បីបន្តគាំទ្រដល់ការអភិរក្ស និងការស្តារឡើងវិញនៅប្រាសាទបេងមាលាទាំងមូលបន្ថែមទៀត។
ជាការឆ្លើយតប លោក ហង់ ពៅ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ជួយជួសជុលប្រាសាទបេងមាលា។ លោកបន្ថែមថា ជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលចិនមិនត្រឹមតែយកចិត្តទុកដាក់ជួយជួសជុលប្រាសាទបេងមាលាប៉ុណ្ណោះទេ គឺបានទាំងជួយជួសជុលប្រាសាទបុរាណខ្មែរជាច្រើន នៅតំបន់អង្គរ ដូចជា ប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ និងបច្ចុប្បន្នកំពុងជួសជុលនៅប្រាសាទភិមានអាកាសជាដើម៕