កំពង់ធំ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ចំនួន ៣រូប ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន ៣រូប ក្នុងខេត្តកំពង់ធំ មានដូចជា៖ ១/. នាយចំណង់ ឌី សេង, ២/. អនុសេនីយ៍ត្រី ញាត ឈីន, ៣/. អនុសេនីយ៍ត្រី ពេជ ង៉ោល ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ។ ការវិលត្រឡប់មកស្រុកកំណើតវិញ របស់សពយុទ្ធជនពលីនេះ សាច់ញាតិនៃយុទ្ធជនពលី បានសម្ដែងនូវក្ដីមោទនភាពចំពោះសាច់ញាតិរបស់ខ្លួន ជាមួយនឹងសេចក្តីក្រៀមក្រំ និងទុក្ខសោកក្រៃលែង។
ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ លោកជំទាវបានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។
បន្ថែមពីនេះ លោកជំទាវ ក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់ក្រុមគ្រួសារសពនៃយុទ្ធជនពលី ជាមួយនឹងការគិតគូររបស់រាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយផ្សេងៗ ដើម្បីជាការសម្រាលនូវបន្ទុកគ្រួសារយុទ្ធជនពលីផងដែរ៕