ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយក CMAC បានឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ថា ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពសុីម៉ាក់ បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន ៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន ៥ទីតាំង (មានរន្ធគ្រាប់បែក)។
លោក ហេង រតនា បានបញ្ជាក់ថា គ្រាប់បែកMK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃ២៤-២៨ ខែ កក្កដា ឆ្នាំ២០២៥នេះ។ គ្រាប់បែកទាំងនេះ គ្មានអ្វីស្មុគស្មាញយល់នោះទេ ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ទាំងនេះទេ អង្គភាពសុីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិកយ៉ាងច្បាស់លាស់។ ទន្ទឹងនឹងនេះ គ្រាប់បែកត្រកូលMKនេះ មានកំណត់សំគាល់និងប្រភពច្បាស់លាស់ ជាពិសេសទិន្នន័យយន្តហោះF-16 និងប្រភេទគ្រាប់បែកដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា។ យន្តហោះF-16នេះ អាចដឹកគ្រាប់បែក MK-84 ចំនួន ៤គ្រាប់ ក្នុងការទម្លាក់ក្នុង១ជេីង។
ជាមួយគ្នានោះ អគ្គនាយក CMAC បានច្រានចោលការលើកឡើងរបស់ជនអគតិ ដែលនិយាយថា គ្រាប់បែក MK-84នេះ ជាគ្រាប់បែកចាស់ លោកបញ្ជាក់ថា ករណីគ្រាប់បែកចាស់មានអាយុកាលជាង ៥០ឆ្នាំមកហេីយនោះ មិនមែនគ្រាន់តែរបកទឹកថ្នាំនោះទេ ចែ្រសសុីដែកជ្រៅៗ។ ទន្ទឹងនឹងនេះ រណ្តៅគ្រាប់ ផ្ទុះ រន្ធរណ្តៅគ្រប់បែកមិនទាន់ផ្ទុះ ជាភស្តុតាងស្រាប់ លោកប្រាប់អ្នកដែលសង្ស័យឲ្យទៅទស្សនាជាក់ស្តែងបាន ដោយអាចយកទាំងអ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះលេីពិភពលោកយេីងនេះ មកសិក្សាវាយតម្លៃយ៉ាងហ្មត់ម៉ត់ផងដែរ៕