ភ្នំពេញ៖ លោក កឹម សុខា នាថ្ងៃទី ៣១ កក្កដា ២០២៥ ទទួលបានការអនុញ្ញាតពីតុលាការ ទៅគោរពវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដែលពលីក្នុងបុព្វហេតុការពារមាតុភូមិ ពីការឈ្លានពានថៃនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ។ក្នុងដំណើររបស់លោកនោះ លោកបានផ្តល់បទសម្ភាសន៍ខ្លីជាមួយអ្នកសារព័ត៌មាន ដោយសម្តែងការភ្ញាក់ផ្អើលដែលសម័យនេះទៅហើយ ថៃ ឬសៀមបន្តឈ្លានពានទឹកដីកម្ពុជា។លោកបាន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបន្តពង្រឹងសាមគ្គីភាពជាតិ រួមគ្នាប្រឆាំងការឈ្លានពាន។
ក្នុងបទសម្ភាសន៍ខ្លីជាមួយអ្នកសារព័ត៌មាន លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានប្រកាសរំលាយ បានគូសបញ្ជាក់ថា មិននឹកស្មានថាមកដល់ពេលនេះហើយ ថៃនៅតែបន្តឈ្លានពានមកកាន់កម្ពុជា។ អំឡុងពេលទៅគោរពវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដែលពលីក្នុងការការពារទឹកដី លោក បានបង្ហាញអារម្មណ៍ស្ញើចសរសើរ វីរភាពកងទ័ពដែលមានភាពក្លាហានក្នុងការការពារជាតិ និង ពលរដ្ឋដែលសាមគ្គីគ្នាក្នុងគ្រាលំបាកនេះ។
ជាសារជូនដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងនាមជាអតីតអ្នកនយោបាយមានប្រជាប្រិយភាពម្នាក់ លោក កឹម សុខា បានអំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យរួបរួមគ្នា ដើម្បីការពារជាតិសម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីការពារអធិបតេយ្យភាពជាតិ៕