ឧត្តរមានជ័យ៖ រដ្ឋមន្រ្តីក្រសួងអប់រំ កាលពីថ្ងៃទី ៣០ កក្កដា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា សាលាបឋមសិក្សាតាមន្តសែនជ័យ ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ទទួលរងបាក់បែកខូចខាតអគារសិក្សា សម្ភារៈ ជាដំណំ ដោយសារគ្រាប់ផ្លោងរបស់ភាគីថៃ ក្នុងសមរភូមិប្រយុទ្ធរវាងកងទ័ពថៃនិងកម្ពុជាកាលពីកន្លងទៅ។
យោងតាមគេហទំព័ររបស់ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានឱ្យដឹងថាហេតុការណ៍នេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរទៅលើអគារចំនួន៣បន្ទប់ធ្ងន់ធ្ងរ រួមជាមួយសម្ភារៈមួយចំនួនទៀត រួមមាន ស៊ីទែនទឹកចំណុះ ២០០០ លីត្រ ចំនួន ១, កុំព្យូទ័រ ១ គ្រឿង, ម៉ាស៊ីនគិតលេខ ២ គ្រឿង, ទូដាក់សម្ភារៈ ២, កង្ហារ ៨ គ្រឿង, តុសិស្ស ៣០, តុគ្រូ ៣, និងក្ដារខៀន ១ផ្ទាំង។
គួរបញ្ជាក់ថា សាលាបឋមសិក្សាតាមន្តសែនជ័យ ស្ថិតនៅក្នុងភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕