ឧត្តរមានជ័យ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត«កងទ័ពអាវស TYDA» កំពុងបំពេញបេសកកម្មមនុស្សធម៌ក្នុងបុព្វហេតុជាតិ និងប្រជាជន នៅលើទឹកដីខេត្តឧត្តរមានជ័យ ដែលកំពុងមានតម្រូវការថ្នាំសង្កូវ និងសេវាថែទាំសុខភាពដោយខានមិនបាន។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានចុះពិនិត្យព្យាបាល ស្ថិតក្នុងដែនដីខេត្តឧត្តរមានជ័យ ដោយបាននិងកំពុងផ្តល់ការពិនិត្យនិងព្យាបាលជំងឺជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកមានដូចជាការពិនិត្យនិងពិគ្រោះបញ្ហាសុខភាពទូទៅ-ការពិនិត្យនិងព្យាបាលជំងឺទូទៅ-ការសង្គ្រោះបន្ទាន់-ការលាងរបួស-ការផ្តល់ជូនឱសថព្យាបាលជំងឺ-ការពិនិត្យនិងបង្ការការពារជំងឺរាតត្បាត គ្រុនឈាម តេតាណូសជាដើម។
ការធ្វើឡើងនេះ កំឡុងពេលប្រទេសកម្ពុជា កំពុងមានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលឲ្យប្រជាជនរាប់ពាន់នាក់ និងវីរកងទ័ព បានរងរបួស និងពលីជីវិត ដើម្បីការពារទឹកដី ខណៈប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងតំបន់ជិតព្រំដែន បានជម្លៀសខ្លួនមកតំបន់សុវត្ថិភាព៕