681 ezgif.com resize
Swift cc time

អង្គការយូនីសេហ្វ កំពុងគាំទ្រកុមារ និងគ្រួសារស្នាក់នៅជំរំភៀសសឹក ដើម្បីកាត់បន្ថយហានិភ័យសុខភាព

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាពពី៖ គេហទំព័រ អង្គការយូនីសេហ្វ

ភ្នំពេញ៖ យូនីសេហ្វបានចែកជំនួយសម្ភារៈទឹកស្អាត និងអនាម័យ រួមមាន ធុងចម្រោះទឹក ធុងទឹក ប៊ីដុង​ទឹក​ សាប៊ូ ម្សៅសាប៊ូបោកគក់ និងសំឡីអនាម័យ ជូនប្រជាពលរដ្ឋនៅតាមជំរំភៀសសឹក ដែលអាចផ្តល់ជូនប្រជាជនភៀសសឹកប្រមាណ ៣០,០០០ នាក់។ អង្គការជឿជាក់ថា សម្ភារៈសំខាន់ៗទាំងនេះ នឹងជួយកាត់បន្ថយហានិភ័យសុខភាព និងផ្ដល់ភាពធូរស្រាលដល់ក្រុមគ្រួសារដែលកំពុងត្រូវការជំនួយ។

យោងតាមគេហទំព័រអង្គការយូនីសេហ្វប្រចាំកម្ពុជា បានឱ្យដឹងថា អង្គការនៅតែបន្តពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌ ដើម្បីគាំទ្រកុមារ និងក្រុមគ្រួសារដែលកំពុងស្នាក់នៅជំរំភៀសសឹកបណ្ដោះអាសន្នក្នុងខេត្តព្រះវិហារ ដែលតម្រូវការទឹកស្អាត និងអនាម័យមានភាពចាំបាច់ ដើម្បីបង្ការការឆ្លងជំងឺ ។

បើតាមប្រភពដដែល ខណៈដែលអង្គការបានចុះទៅកាន់ខេត្តព្រះវិហារ លោកបណ្ឌិត Will Parks នាយកយូនីសេហ្វប្រចាំកម្ពុជាបានថ្លែងថា «កុមារទាំងនេះបានបាត់បង់អ្វីៗជាច្រើនរួចមកហើយ ប៉ុន្តែអនាគតរបស់ពួកគេមិនអាចបាត់បង់បានទេ។»។ ជាហេតុដែលអង្គការ បានកំពុងព្យាយាមសហការជាមួយនឹងដៃគូពាក់ព័ន្ធនឹងរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការគាំទ្រកុមារ​ដើម្បីធានានូវសុវត្ថិភាព និងអនាម័យ ដែលផ្តល់ជាជម្រក ទឹកស្អាត វ៉ាក់សាំង ការការពារ និងឱកាសរៀនសូត្រ។

អង្គការបានគូសបញ្ជាក់ថា នៅពេលដែលមានបទឈប់បាញ់រវាងប្រទេសទាំងពីរ យូនីសេហ្វ និងដៃគូអាចពន្លឿនការគាំទ្រផ្នែកទឹកស្អាត អនាម័យ និងសម្ភារៈអប់រំ ដើម្បីផ្ដល់ឱកាសឱ្យកុមារបានបន្តការរៀនសូត្រ និងមានក្តីសង្ឃឹមឡើងវិញ៕


Khcct banner

អត្ថបទទាក់ទង