681 ezgif.com resize
Swift cc time

សមាគមធនាគារកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាចូលរួមអនុវត្តវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប្ដេជ្ញាចូលរួមគាំទ្រយ៉ាងពេញទំហឹងស្របតាមសារអំពាវនាវរបស់សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពី «វិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ» នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

បើតាមសេចក្ដីជូនដំណឹង សមាគមទាំងពីរនិងគ្រឹះស្ថានសមាជិករបស់ខ្លួនទាំងអស់ ប្តេជ្ញាចូលរួមអនុវត្តឱ្យអស់ពីលទ្ធភាពនូវវិធានការអនុគ្រោះ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងជួយសម្រាលបន្ទុកដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមជាមួយនឹងគ្រឹះស្ថានសមាជិកទាំងអស់ ជឿជាក់យ៉ាងមុតមាំថា ការចូលរួមចំណែក ការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន គឺជាស្មារតីសាមគ្គី ស្នេហាជាតិ និងវប្បធម៌ចែករំលែកដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរយើង ដែលនេះគឺជាការប្តេជ្ញាចិត្តរបស់វិស័យធនាគារ និងហិរញ្ញវត្ថុក្នុងការជួយគាំទ្រដល់ប្រជាជន និងប្រទេសជាតិរបស់ខ្លួនក្នុងកាលៈទេសៈដ៏លំបាកនេះ។

គួរបញ្ជាក់ថា សម្ដេច ហ៊ុន ម៉ាណែត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងសមរភូមិប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ៕


Khcct banner

អត្ថបទទាក់ទង