ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរ និងពលករដែលស្នាកនៅ និងធ្វើការនៅជប៉ុន បង្កើនការប្រុងប្រយ័ត្ននអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន។ ការប្រកាសនេះ បន្ទាប់ពីប្រទេសជប៉ុន នៅថ្ងៃទី៣០ កក្កដា បានប្រកាសអាសន្នអំពីរលកយក្ស ស៊ូណាមិរហូតដល់កម្ពស់ ៣ម៉ែត្រ នៅតំបន់ឆ្នេរប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន។
បើតាមការប្រកាសរបស់ជប៉ុន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៩:៤០នាទីព្រឹក (ម៉ោងនៅប្រទេសជប៉ុន) មានការប្រកាសអាសន្នអំពីរលកយក្ស ស៊ូណាមិរហូតដល់កម្ពស់ ៣ម៉ែត្រ នៅតំបន់ឆ្នេរប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន ចាប់ពីតំបន់ Hokkaido រហូតដល់ តំបន់ Kyushu ដែលអាចជះឥទ្ធិពលលើខេត្តមួយចំនួនដូចជា Hokkaido, Aomori. Iwate, Miyagi, Fukushima Ibaraki, Chiba. Shizuoka, Aichi, Mie, និង Wakayama។
ក្រសួងការងារ បាននិងកំពុងតាមដានស្ថានការណ៍វិវត្តករណីនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា ពលរដ្ឋកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តដែលរងផលប៉ះពាល់ទាំងអស់ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។
ក្រសួងសូមអំពាវនាវដល់ពលរដ្ឋកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។
ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីបងប្អូនកម្មសិក្សាការី-ពលករជំនាញដែលរង ផលប៉ះពាល់ ឬមានសំណួរ សូមទំនាក់ទំនងមកក្រុមតេឡេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” ដែលមាន តំណភ្ជាប់ https://t.me/KhmerMigrant Worker ឬតាមរយៈទូរសព្ទរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនលេខ +៨១ ៨០ ៤៦៨៩ ៩៣៧៤ ឬទំព័រហ្វេសប៊ុក https://www.facebook.com/cambodianembassvinjapan, និង ទូរសព្ទអនុព័ន្ធការងារលេខ ៨១ ៨០ ៣៣៦២ ៦១៦៨៕