ភ្នំពេញ៖ ធនាគារជាតិនាព្រឹកថ្ងៃទី ៣០ កក្កដា ២០២៥ បាន ចេញសេចក្តីណែនាំស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា ថៃ ដោយ បានសម្រេចលុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជន យោធិនពលី និង លុបចោលកម្ចី១០លានរៀល យោធិនពិការ និង ផ្តល់ការអនុគ្រោះផ្សេងៗ ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខ។
យោងតាមសេចក្តីណែនាំ ធនាគារជាតិ សម្រេចលុបចោលឥណទានរហូតដល់ ១០លានរៀល របស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន និងលុបចោលឥណទានរហូតដល់ ៨០លានរៀល របស់់អតិថិជន ឬ អ្នករួមខ្ចី ជាយោធិនពលី។ ធានាគារជាតិ តម្រូវឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ផ្តល់ការអនុគ្រោះដល់ជនភៀសសឹក តាមរយៈការលើកលែងរាល់កម្រៃ និង ការផាកពិន័យឥណទាន ព្រមទាំងលើកលែងការទូទាត់សងការប្រាក់ និង ពន្យារពេលទូទាត់សងប្រាក់ដើម រយៈពេល៣ខែ ចាប់ពីថ្ងៃទី៣០ កក្កដា ដល់៣១ តុលា ២០២៥។
ចំណែកគ្រួសារយោធិនដែលកំពុងប្រតិបត្តិការការពារទឹកដីនៅលើសមរភូមិ ធនាគារជាតិ តម្រូវឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ លើកលែងការបង់រាល់កម្រៃ និងផាកពិន័យ ព្រមទាំងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើមរយៈពេល៦ខែ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ មករា ២០២៦។
ធនាគារជាតិ លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះពិសេសបន្ងែមទៀតតាមលទ្ធភាពជាក់ស្តែងដល់ពលករដែលទើបត្រលប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ៕