ភ្នំពេញ៖ នាយកប្រតិបត្តិផ្នែកធុរកិច្ចអន្តរជាតិ និងជាប្រធានគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation) បានជួបពិភាក្សាការងារជាមួយក្រសួងពាណិជ្ជកម្ម និងបានបញ្ជាក់ពីចំណាប់អារម្មណ៍លើការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មប្ដេជ្ញាចិត្តបន្តសម្របសម្រួល និងគាំទ្រដល់ធុរកិច្ចនិងវិនិយោគិនសិង្ហបុរីនៅកម្ពុជា។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក Soo Wei Chieh នាយកប្រតិបត្តិផ្នែកធុរកិច្ចអន្តរជាតិ និងជាប្រធានគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
លោកស្រី ចម និម្មល បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណជូន លោក Soo Wei Chieh និងគណៈប្រតិភូសហព័ន្ធធុរកិច្ចសឹង្ហបុរី ដែលបានចូលជួបពិភាក្សាការងារនិងបង្ហាញពីចំណាប់អារម្មណ៍លើការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា។ លោកស្រីបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការបស់រាជរដ្ឋាភិបាល ក្នុងការបន្តធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងការបន្តពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកនិងបង្កើតទីផ្សារថ្មី។
ទន្ទឹមនឹងនេះ លោក Soo Wei Chieh ប្រធានគណៈប្រតិភូសហព័ន្ធធុរកិច្ចសឹង្ហបុរី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកជំទាវរដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសដ៏មានតម្លៃដើម្បីបានចូលជួបណែនាំសមាសភាពគណៈប្រតិភូ និងជម្រាបជូនអំពីទស្សនវិស័យនិងចំណាប់អារម្មណ៍ក្នុងការមកធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា។
លោក Soo Wei Chieh បានវាយតម្លៃខ្ពស់លើកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកស្ទួយតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច ជាពិសេសការបន្តគាំទ្រដល់ការធ្វើធុរកិច្ចនិងវិនិយោគឱ្យកាន់តែប្រសើរទ្បើង តាមរយៈការផ្តល់ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ដទៃទៀត។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តសម្របសម្រួល និងគាំទ្រដល់ធុរកិច្ចនិងវិនិយោគិនសិង្ហបុរីនៅកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕