681 ezgif.com resize
Swift cc time

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្មចំនួន ៩ ដើម្បីជំរុញការវិនិយោគបន្ថែមលើវិស័យសំខាន់ៗនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនកម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្មចំនួន ៩ ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមលើវិស័យសំខាន់ៗ ដូចជា ថាមពលថ្មី វិស័យកាត់ដេរ ការកែច្នៃ និងជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ក៏ដូចជាផ្សព្វផ្សាយនិងលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ ផងដែរ។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្នុងវេទិកាជំរុញផ្សព្វផ្សាយសួនឧស្សាហកម្មកម្ពុជា-ចិន នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

នាឱកាសនេះ លោកស្រី ចម និម្មល បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារចំពោះកិច្ច ដើម្បីសិក្សា និងជំរុញការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន របស់ក្រសួងពាណិជ្ជកម្ម និងក្រុមការងាររបស់តំបន់ស្វ័យតជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដែលវេទិកានេះពិតជាមានសារៈសំខាន់ក្នុងការជំរុញពន្លឿនការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន។

លោកស្រីក៏បានលើកទឹកចិត្តឱ្យក្រុមការងារចម្រុះសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ជួបប្រជុំពិភាក្សាឱ្យបានទៀងទាត់ និងញឹកញាប់ដោយកំណត់ផែនការសកម្មភាពឱ្យបានជាក់លាក់ ដើម្បីអាចសម្រេចបានតាមផែនការដែលបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនានាឱ្យបានជាប្រចាំនិងញឹកញាប់ទាំងនៅកម្ពុជានិងនៅចិន ដើម្បីបង្កើនឱកាសក្នុងការចាប់ដៃគូធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញនិងលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅប្រទេសចិន ដូចជា កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម សំដៅបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី ក៏បានអញ្ជើញផ្តល់កិត្តិយសចូលរួមធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្ម ចំនួន៩ រវាងក្រុមហ៊ុនកម្ពុជា និងចិន ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមលើវិស័យសំខាន់ៗខាងលើ។

គួរបញ្ជាក់ថា នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុង “វេទិកាជំរុញផ្សព្វផ្សាយសួនឧស្សាហកម្មកម្ពុជា-ចិន” ដែលមានវត្តមានអញ្ជើញចូលរួមដោយលោក ចឹង យ័នតុង (Zheng Yuandong) អគ្គលេខាធិការរង នៃរដ្ឋាភិបាលប្រជាជន នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី លោកស្រី ចឹង លីង (Zheng Ling) អភិបាលរងទីក្រុងប៉ីហាយ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី លោក លោកជំទាវថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូរដ្ឋាភិបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងវិនិយោគិន-ធុរជនកម្ពុជានិងចិន ជាច្រើនរូប។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕


Khcct banner

អត្ថបទទាក់ទង