ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 មួយករណីទៀតលើបុរសវ័យ ២៦ឆ្នាំម្នាក់ ដែលរស់នៅក្នុងភូមិក្រវ៉ាន់ ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ អ្នកជំងឺបានចាប់ផ្តើមមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ឈឺបំពង់ក ឈឺពោះ និងពិបាកដកដង្ហើម។ បច្ចុប្បន្ន អ្នកជំងឺកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា ការបញ្ជាក់វិជ្ជមានករណីផ្តាសាយបក្សី H5N1» លើបុរសវ័យ ២៦ឆ្នាំម្នាក់នៅខេត្តសៀមរាបនេះ ត្រូវបានធ្វើឡើងដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ តាមការសាកសួរស្រាវជ្រាវ គេបានរកឃើញថា នៅបរិវេណជិតផ្ទះអ្នកជំងឺមានមាន់ងាប់ ហើយអ្នកជំងឺបានសម្លាប់ និងបោចមាន់ ៣ថ្ងៃមុនពេលចាប់ផ្តើមឈឺ។ នេះជាសញ្ញាបង្ហាញពីប្រភពនៃការចម្លង។
បើតាមប្រភពដដែល ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនៃជំងឺនេះ។ គោលដៅគឺស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស ព្រមទាំងស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។
ក្រសួងសុខាភិបាលបានក្រើនរំលឹកសាជាថ្មីម្តងទៀតឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺផ្តាសាយបក្សី H5N1 ពីព្រោះជំងឺនេះនៅតែបន្តគំរាមកំហែងដល់សុខភាពសាធារណៈ។ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម ហើយមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំនៅទីប្រជុំជនដែលមានមនុស្សច្រើន។ ផ្ទុយទៅវិញ ត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីចៀសវាងការពន្យារពេលដែលអាចបង្កើនហានិភ័យខ្ពស់នៃការស្លាប់។
គួរបញ្ជាក់ថា ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយប្រភេទដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត។ ទោះជាយ៉ាងណា ជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមរយៈការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺ ឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ គួរកត់សម្គាល់ថា ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្សក៏ដោយ ប៉ុន្តែបើវាអាចបំប្លែងខ្លួន វាអាចឆ្លងបានដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ៕