ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៩ កក្កដា ២០២៥ បានចេញសេចក្តីជូនដំណឹងណែនាំដល់អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំងអស់ឱ្យប្រើប្រាស់បណ្តាញសង្គម និងបញ្ចេញមតិប្រកបដោយសុជីវធម៌ ការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ ក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយលើបណ្តាញទំនាក់ទំនងសង្គម ស្របតាមគោលការណ៍សន្តិភាព មិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។
យោងតាមសេចក្តីជូនដំណឹងនៃក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា នារយៈពេលចុងក្រោយនេះ ក្រសួងបានសង្កេតឃើញមានការកើនឡើងនូវការប្រើប្រាស់ពាក្យពេចន៍ ការបង្កើត និងកាត់តរូបភាព វីដេអូ ខ្លឹមសារ និងការបញ្ចេញមតិមិនសមរម្យលើបណ្តាញទំនាក់ទំនងសង្គម ដែលបង្កការប្រមាថប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរជាលក្ខណៈបុគ្គល ថ្នាក់ដឹកនាំ និងអង្គព្រះមហាក្សត្រ។ ក្រសួងបានអំពាវនាវ អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនគ្រប់មជ្ឈដ្ឋានត្រូវបញ្ឈប់ជាបន្ទាន់នូវការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ទាំងឡាយណាដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបរទេស ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃជម្លោះជាមួយប្រទេសនោះក៏ដោយ។ លើសពីនេះ ក្រសួងបានក្រើនរំលឹកដល់អ្នកប្រើប្រាស់ទាំងអស់ត្រូវជៀសវាងការផ្សព្វផ្សាយឬចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ នាំឱ្យមានការភាន់ច្រឡំ បង្កការខឹងសម្បា អំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង និងការប្រកាន់ពូជសាសន៍រវាងប្រជាជននិងប្រជាជន។
បន្ថែមពីនេះ ក្រសួងព័ត៌មានក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រូវធ្វើការផ្ទៀងផ្ទាត់ព័ត៌មានជានិច្ចជាមួយប្រភពផ្លូវការ ជាពិសេសពាក់ព័ន្ធនឹងជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ហើយសូមកុំប្រើការកាត់តរូបភាព និងខ្លឹមសារដែលមិនពិតមានលក្ខណៈប្រមាថដល់អង្គព្រះមហាក្សត្រជាដើម។
គួរបញ្ជាក់ថា ក្រសួងព័ត៌មានក៏បានកោតសរសើរចំពោះអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមដែលបានចូលរួមជាផ្នែកនៃសំឡេងរបស់កម្ពុជា ក៏ដូចជាការការពារភាពត្រឹមត្រូវ និងជំហរដោះស្រាយជម្លោះរបស់កម្ពុជាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ តាមរយៈការផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិអ្នកដទៃ ទាំងក្នុងសហគមន៍ជាតិ និងអន្តរជាតិ៕