កម្លាំងនគរបាលអន្តោប្រវេសន៍ នៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ ២០២៥នេះ កំពុងប្រចាំការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ដែលជាប់នឹងព្រំដែនថៃ (ឡែម) ច្រកទ្វារព្រំដែនអន្តរជាតិព្រំ(ប៉ៃលិន) ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (កោះកុង) បានត្រៀមរៀបចំទទួលពលករកម្ពុជាប្រហែល ១៣ម៉ឺននាក់ ដែលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ។
ក្នុងនោះដែរ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធក៏បានរួមសហការគ្នា នឹងត្រៀមរួចជាស្រេចក្នុងទទួលពលករកម្ពុជា។ ទន្ទឹមនឹងនេះ អាជ្ញាធរសម្របសម្រួល សណ្តាប់ធ្នាប់ របៀបរៀបរយ ដល់ដំណើរចូលប្រទេសរបស់ប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយសុវត្ថិភាព និងភាពជឿជាក់ ដោយជួយដឹកជញ្ជូនសម្ភារផ្ទាល់ខ្លួនរបស់ពួកគាត់ពីច្រកទ្វារដល់ទីតាំងរង់ចាំទទួលពលករ។
ជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋានក៏បានត្រៀមនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ មួយចំនួនសម្រាប់ជូនដល់ពលករទាំងអស់ផងដែល។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលដល់ឯកសារនៃដំណេីរចូលរបស់ពលករកម្ពុជាទាំងអស់ ដោយក្ដីរីករាយនិងភាពកក់ក្ដៅជូនពួកគាត់៕