កោះកុង៖ ក្រសួងព័ត៌មាន បានអំពាវនាវឱ្យប្រជាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមឱ្យឈប់ចែករំលែកព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងខេត្តកោះកុង។ បើតាមលោកស្រី ម៉ាលី សុជាតា បច្ចុប្បន្នសភាពការណ៍នៅដែនសមុទ្រមានភាពស្ងប់ស្ងាត់នៅឡើយ។
យោងតាមក្រសួងព័ត៌មាននាថ្ងៃទី ២៨ កក្កដា ២០២៥ បានឱ្យដឹងថា ព័ត៌មានដែលផ្សព្វផ្សាយពីករណីនៅខេត្តកោះកុងជាព័ត៌មានមិនពិត ដែលបានបង្ហោះដោយគេហទំព័រហ្វេសប៊ុកផ្សេងៗដែលមានឈ្មោះ Hok Ren, Truy Vicheka, Pring Prum ជាដើម។
ក្រសួងព័ត៌មានបានបន្តអំពាវនាវឱ្យប្រជាជនតាមដានប្រភពព័ត៌មានច្បាស់លាស់ដូចជាក្រសួងការពារជាតិ ក្រសួងព័ត៌មាន និងគេហទំព័ររបស់ថ្នាក់ដឹកនាំជាដើម និងចៀសវាងការចែករំលែកបន្តនូវព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ដែលអាចនាំឱ្យមានភាពចលាចលណាមួយកើតមានឡើង។
គួរបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការជូនដំណឹងពីស្ថានភាពឈ្លានពានរបស់ថៃមកលើកម្ពុជា លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា រហូតមកដល់ពេលនេះ ស្ថានភាពតាមដែនសមុទ្រមានភាពស្ងប់ស្ងាត់នៅឡើយ៕