ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើឱ្យគណៈប្រតិភូជាន់ខ្ពស់ធនាគារ CIMB Group Holding Berhad នៃប្រទេសម៉ាឡេស៊ី ចូលរួមក្នុងការទាក់ទាញវិនិយោគិនសក្តានុពលមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ សំណើរនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងភាគីទាំងពីរ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ លោក Muhammad បានលើកឡើងពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ CIMB Group Holding Berhad និងបានបញ្ជាក់ពីសារៈសំខាន់នៃទីផ្សារកម្ពុជាតាមរយៈប្រតិបត្តិការធនាគារបុត្រសម្ព័ន្ធ CIMB Plc ព្រមទាំងបញ្ជាក់ពីការតាំងចិត្តពង្រីកអាជីវកម្មនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ បន្ថែមលើនេះ លោកក៏បានលើកសសើរពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា និងបានលើកពីគម្រោងដាក់ឱ្យដំណើរការផលិតផលហិរញ្ញវត្ថុឌីជីថលថ្មីៗនាពេលខាងមុខ។
លោកស្រី ទេសាភិបាល បានលើកទឹកចិត្តឱ្យ CIMB Group Holding Berhad បន្តការគាំទ្រធនាគារបុត្រសម្ព័ន្ធនៅកម្ពុជា និងពង្រីកប្រតិបត្តិការថែមទៀត ដោយបានរំលេចពីសក្តានុពលនៃនវានុវត្តន៍ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា។ ទន្ទឹមនេះ លោកស្រីក៏បានចែករំលែកទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចតំបន់និងពិភពលោក ក៏ដូចជាបច្ចុប្បន្នភាពសំខាន់ៗក្នុងប្រព័ន្ធធនាគារកម្ពុជា ព្រមទាំងបានស្នើឱ្យមានការចូលរួមក្នុងការទាក់ទាញវិនិយោគិនសក្តានុពលមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀតផងដែរ៕