ភ្នំពេញ៖ សមាគមពលរដ្ឋខ្មែរទាំង៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ចេញញត្តិគាំទ្រចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះវីរៈកងទ័ពជួរមុខកម្ពុជា ដែលបាន និងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹកដី ដែលបង្កឡើងដោយកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
ក្នុងនោះដែរ តំណាងសមាគមពលរដ្ឋខ្មែរទាំង៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និង នូវ៉ែលហ្សេឡង់ រួមមាន៖ សមាគមខ្មែរ-អូស្ត្រាលី នៃរដ្ឋហ្វឺនសែនដ៍, សមាគមពលរដ្ឋខ្មែរអូស្ត្រាលី រដ្ឋវិចតូរីយ៉ា, សមាគមយុវជនខ្មែរ ទីក្រុងស៊ីដនី, សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង, សមាគមទ្រទ្រង់វប្បធម៌ខ្មែរ រដ្ឋធានីវែល្វីងតុន និងសមាគមខ្មែរ ញូហ្សេលែន។
ជាមួយគ្នានេះ សមាគមពលរដ្ឋខ្មែរទាំង៦ បានអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូប គ្រប់និន្នាការនយោបាយ ទាំងក្នុង និងក្រៅប្រទេស ចូលរួមក្នុងស្មារតីជាតិនិយមពីសមរភូមិក្រោយ ដោយផ្តល់នូវកម្លាំងចិត្ត ជំនឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពជួរមុខ តាមរយៈការចេញនូវសារ ឬ ញត្តិគាំទ្រដល់កងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធយ៉ាងជាញជ័យ ជាមួយនឹងសត្រូវឈ្លានពានទឹកដី នៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជន ក្នុងការការពារបូរណភាពទឹកដី។ សមាគម ក៏បានប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលដោយឥតងាករេ ក្នុងការការពារបូរណភាពទឹកដី ដោយ មិនអនុញ្ញាតឱ្យជាតិសាសន៍ណាមួយ មករំលោភបំពានបានឡើយ៕