ភ្នំពេញ៖ យូនីសេហ្វ នាថ្ងៃ ២៤ កក្កដា ២០២៥ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើ ហិង្សាដែលកំពុងតែរីករាលដាលនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋ រងរបួស និងស្លាប់ រួមទាំងកុមារ និងសាលារៀនរាប់រយខ្នងត្រូវបានបិទជា បណ្តោះអាសន្ននៅក្នុងតំបន់រងផលប៉ះពាល់។
យោងតាមគេហទំព័រយូនីសេហ្វ នៅថ្ងៃទី ២៤ កក្កដា អង្គការយូនីសេហ្វ បានបង្ហាញក្តីបារម្ភ និងស្នើឱ្យភាគី កម្ពុជា និងថៃ អត់ធ្មត់ជាអតិបរមា និងការពារកុមារគ្រប់រូប ព្រមទាំងសេវាសំខាន់ៗដែល ពួកគេត្រូវការ ស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាស្តីពីសិទ្ធិកុមារ។
យូនីសេហ្វ បានបន្តថា កុមារគ្រប់រូបត្រូវតែទទួលបានការការពារ គ្រប់ពេលវេលា។ សុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេត្រូវតែជាអាទិភាព ហើយសាលារៀនត្រូវតែជាទីកន្លែងសិក្សាប្រកបដោយសុវត្ថិភាព៕