681 ezgif.com resize
Swift cc time

ក្រុមហ៊ុននៃគ្រូសាររាជវង្សកាតាកំពុងសិក្សាពីឱកាសវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ភ្នំពេញ៖ គណៈប្រតិភូនៃក្រុមហ៊ុន AL MANSOUR HOLDING នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគនៅកម្ពុជា សំដៅពិនិត្យលទ្ធភាពនិងឱកាសក្នុងការដាក់ទុនវិនិយោគ លើវិស័យពាក់ព័ន្ធរួមមាន៖ កសិកម្មឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម។

គណៈប្រតិភូ នៃក្រុមហ៊ុន AL Mansour Asia ត្រូវបានដឹកនាំដោយលោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor AL Thani។ ជំនួបនាព្រឹកនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគនៅកម្ពុជា សំដៅពិនិត្យលទ្ធភាពនិងឱកាសក្នុងការដាក់ទុនវិនិយោគ លើវិស័យពាក់ព័ន្ធរួមមាន៖ កសិកម្មឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលស្អាត ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងបន្ថែមអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគួរតែសិក្សាស្វែងយល់ពិចារណា និងពិនិត្យលទ្ធភាពក្នុងការវិនិយោគ រួមមាន៖ការកែច្នៃចំណីអាហារ, ឧស្សាហកម្មយានយន្ត, ឧស្សហកម្មគ្រឿងអេឡិកត្រូនិច, វិស័យបច្ចេកវិទ្យាឌីជីថល, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជាដើម។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និង គណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ក៏បានជួបសម្ដែងការគួរសមជាមួយសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។ នាឱកាសនោះ លោក Fahd AI Dosari បានលើកឡើងថា តាងនាមឱ្យ គ្រួសាររាជវង្សនៃកាតា និងក្រុមហ៊ុន AI Mansour Asia, លោកប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសលើការវិនិយោគក្នុងវិស័យសាធារណៈ និងឯកជន។ លោក បានគូសបញ្ជាក់ថា ក្រុមហ៊ុន AI Mansour Asia បានដាក់ទិសដៅវិនិយោគនៅអាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមការវិនិយោគនៅកម្ពុជា និងមាន លោក Jay Han ជានាយកប្រតិបត្តិប្រចាំនៅកម្ពុជាផងដែរ៕


Khcct banner

អត្ថបទទាក់ទង