ភ្នំពេញ៖ គិតមកទល់ពេលនេះ តាមកម្មវិធីហោះហើរពីទីក្រុងភ្នំពេញ-បាងកក និងសៀមរាប-បាងកក នៅតែមានជើងហោះហើរជាធម្មតា មិនទាន់មានអ្វីប្រែប្រួលនោះទេ។ នេះជាការបញ្ជាក់របស់លោក ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា មកកាន់សារព័ត៌មានស៊ីស៊ីថាមស៍។
បើតាមអ្នកនាំពាក្យរូបនេះ ទោះជាបច្ចុប្បន្ននេះប្រទេសកម្ពុជាត្រូវបានរងការវាយប្រហារឈ្លានពានក្រុមពីយោធាថៃ ក៏កម្មវិធីហោះហើររវាងកម្ពុជា-ថៃ នៅមិនទាន់មានភាពប្រែប្រួលណាមួយឡើង គឺមានកាលវិភាគហោះហើរដូចធម្មតា។ លោកបន្តថា ទោះជាយ៉ាងណា ក្រុមការងារនឹងបន្តតាមដានករណីនេះ ហើយបើមានប្រែប្រួលនោះក្រុមការងារនឹងធ្វើការផ្សព្វផ្សាយជូនភ្លាមៗ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕