ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការផ្សព្វផ្សាយពីទាហ៊ានកម្ពុជាម្នាក់ប្រចាំនៅប្រាសាទតាមាន់ធំ បានពលីជីវិត ជា«ព័ត៌មានក្លែងក្លាយ» និងស្នើឱ្យប្រជាពលរដ្ឋកុំមានការយល់ច្រឡំនិងសូមកុំបន្តចែករំលែកព័ត៌មាននេះបន្តទៀត។
ក្រោយការផ្ទុះអាវុធរវាងកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ មានគណនីក្នុងបណ្តាញសង្គមមួយចំនួនបានចែករំលែកព័ត៌មានក្លែងក្លាយពីការស្លាប់របស់ មន្ត្រីយោធាម្នាក់ដែលគេស្គាល់ថាជាទាហានក្លាហានម្នាក់ធ្លាប់ចង្អុលមុខ និងរុញច្រានទាហានថៃនៅប្រាសាទតាមាន់ធំ។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី ២៤ កក្កដា នេះ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានបន្តអំពាវនាវឱ្យប្រជាជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ហើយបន្តតាមដានពីប្រភព ៤ សំខាន់ដែលជាប្រភពផ្លូវការ គឺ១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ២-ក្រសួងការពារជាតិ ៣-ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៕