ភ្នំពេញ៖ កម្ពុជា និងឡាវ បេ្តជា្ញអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ២០២២ ឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរ ជាពិសេសផ្តោតលើការសម្របសម្រួលការធ្វើដំណើរចេញចូល និងការតភា្ជប់គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា ទាំងផ្លូវគោក និងផ្លូវអាកាស។ ការប្ដេជ្ញានេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។
បើតាមក្រសួងទេសចរណ៍ កិច្ចពិភាក្សានេះ ក៏បានផ្តោតលើការសម្របសម្រួលការធ្វើដំណើរចេញចូល និងការតភា្ជប់គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា ទាំងផ្លូវគោក និងផ្លូវអាកាស ដោយបង្កើនការហោះហើរត្រង់ និងទៀងទាត់ដែលមានស្រាប់រួចហើយ ការសំរួលបែបបទធ្វើដំណើរ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរអាចទស្សនាតាមគោលដៅទេសចរណ៍នៃខេត្តជាប់ព្រំដែន។ល។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវទស្សនៈរួមគ្នាថាទេសចរណ៍ ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរចាត់ទុកថាមានសារៈសំខាន់ក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជន ព្រមទាំងបានជួយលើកកម្ពស់ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ៕