ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាថ្ងៃទី២៣ កក្កដានេះ បានប្រកាសហាមឃាត់យកកីឡាប្រដាល់គុនខ្មែរ មកធ្វើជាល្បែងភ្នាល់ ដែលជាការប្រព្រឹត្តខុស និងប្រាសចាកពីកម្មវត្ថុរបស់កីឡាប្រដាល់គុនខ្មែរ និងជាការប្រកបអាជីវកម្មខុសច្បាប់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។
ការប្រកាសនេះ បន្ទាប់ពីមានព័ត៌មានបានលេចឡើងថា មានក្រុមហ៊ុន ឬ Website ភ្នាល់ល្បែងតាម Online មួយចំនួន បានយកការប្រកួតកីឡាប្រដាល់គុនខ្មែរ ទៅដាក់ក្នុងWebsite របស់ខ្លួន ដើម្បីឱ្យសាធារណជនភ្នាល់ដាក់ប្រាក់។ សកម្មភាពបែបនេះ គឺជាការប្រព្រឹត្តខុស និងប្រាសចាកពីកម្មវត្ថុរបស់កីឡាប្រដាល់គុនខ្មែរ ដែលជាការប្រកបអាជីវ កម្មខុសច្បាប់ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកីឡាប្រដាល់គុនខ្មែរ។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជូនដំណឹងហាមឃាត់មន្ត្រី អាជ្ញាកណ្តាល ចៅក្រម បុគ្គលិកស្ថានីយទូរទស្សន៍ កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធផ្សេងទៀត មិនឱ្យចូលរួមភ្នាល់ ឬផ្តល់ទិន្នន័យនៃការប្រកួតកីឡាប្រដាល់គុនខ្មែរទៅឱ្យក្រុមហ៊ុន ឬWebsite ល្បែងភ្នាល់តាមOnline ណាមួយឡើយ។
បើតាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បើមានក្រុមហ៊ុនណាមួយ ក្លឹបណាមួយ បុគ្គលណាមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកពាក់ព័ន្ធមិនគោរព ឬមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕