ភ្នំពេញ៖ ក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល) នៅប្រទេសចិន មានបំណងវិនិយោគនៅកម្ពុជាក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញ ជាពិសេសសំដៅលើកកម្ពស់សុវត្ថិភាពថាមពលក្នុងប្រទេសកម្ពុជា និងធានាកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ គោលបំណងនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។
នាឱកាសនេះ លោក ជា វុទ្ធី បានលើកឡើងពីស្ថានភាពដ៏ល្អប្រសើរនៃវិនិយោគនៅកម្ពុជា ជាពិសេសរំហូរវិនិយោគចិនមកកម្ពុជាមានការកើនទ្បើងគួរជាទីកត់សម្គាល់ដោយប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ។ ដូចនេះ រាល់ជំនួបជាមួយគណៈប្រតិភូចិន លោកតែងតែស្នើដោយទទូចឱ្យមានការគិតគូរប្រើប្រាស់វត្ថុធាតុ ឬផលិតផលពាក់កណ្តាលសម្រេចក្នុងស្រុកជាធាតុចូលផលិតកម្មឱ្យបានច្រើនជាអតិបរមា ជាជាងការនាំចូល ដើម្បីចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក និងធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់។
ទន្ទឹមនឹងនេះ លោកស្រី លី ជៀ (Li Jie) ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. បានលើកឡើងថា ក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល) នៅប្រទេសចិន មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានស្ថានីយប្រេងឥន្ទនៈផ្ទាល់ខ្លួនចំនួន៧២នៅប្រទេសចិន។ ក្រុមហ៊ុនមានបំណងវិនិយោគនៅកម្ពុជាក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញ ជាពិសេសសំដៅលើកកម្ពស់សុវត្ថិភាពថាមពលក្នុងព្រះរាជាណាចក្រកម្ពុជា និងធានាកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
លោកស្រីប្រធានបានបញ្ជាក់បន្ថែមថា ផលិតផលប្រេងឥន្ធនៈពីអេតាណុលនេះអាចយកទៅប្រើប្រាស់សម្រាប់រថយន្ត ទូក កប៉ាល់ យន្តហោះ និងការចម្អិតអាហារ។ តាមរយៈជំនួបពិភាក្សាការងារនាពេលនេះ ក្រុមហ៊ុនកាន់តែមានឆន្ទៈខ្ពស់ក្នុងការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលជាមួយប្រទេសកម្ពុជា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យថាមពលនាពេលខាងមុខ។
ជាការឆ្លើយតប លោក ជា វុទ្ធី បានបង្ហាញនូវការស្វាគមន៍ចំពោះគម្រោងដែលលោកស្រី លី ជៀបានលើកទ្បើង។ ឯកឧត្តមអគ្គលេខាធិការក៏បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់បម្រើសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន ដែលក្នុងនោះមានដូចជា ដំឡូងមី អំពៅ និង ពោត៕