សៀមរាប៖ ឯកអគ្គរាជទូតឥណ្ឌូនេស៊ី លោក សានតូ ដាម៉ូស៊ូម៉ាតូ កោតសរសើរក្រសួងព័ត៌មានកម្ពុជាដែលបំពេញការងារយ៉ាងសកម្ម មានគំនិតផ្ដួតផ្ដើម និងសកម្មភាពជាច្រើនពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ដោយមើលឃើញថាជាចំណុចវិជ្ជមានមួយល្អប្រសើររបស់ក្រសួងព័ត៌មាន ហើយក្រសួងព័ត៌មានកម្ពុជា-ឥណ្ឌូនេស៊ី នឹងចុះ MOU ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា។ ការកោតសសើរនេះ កំឡុងពេលជំនួបទ្វេភាគីជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្នុងព្រឹត្តិការណ៍សន្និសទ្ធីកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០។
ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ី ក៏បានលើកឡើងរវាងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មានឥណ្ឌូនេស៊ី ដោយឡែកក្រសួងព័ត៌មានកម្ពុជាក៏បានរៀបចំសេចក្ដីព្រាង MOU ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មានឥណ្ឌូនេស៊ីផងដែរ។
លោក Santo Darmosumarto ក៏បានកោតសរសើរចំពោះវឌ្ឍនភាពនៃសហគមន៍អ៉ីស្លាមនៅកម្ពុជា ពីសុខដុមនីយកម្មជាតិសាសន៍និងសាសនានៅកម្ពុជាដែលជាគំរូមួយនៅក្នុងតំបន់ហើយក៏ដូចជាក្នុងពិភពលោក ដែលពិភពលោកគួររៀនសូត្រពីកម្ពុជានិងយកគំរូតាមក្នុងការធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍និងសាសនា។ លោកបានបន្តថា នឹងមានកិច្ចសហប្រតិបត្តិការក្នុងផ្សព្វផ្សាយពីសហគមន៍អ៉ីស្លាមនៅពេលខាងមុខ។
លោកឯកអគ្គរាជទូតរូបនេះ ក៏បានបង្ហាញពីការគាំទ្រចំពោះយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់ក្រសួងព័ត៌មាន ដែលលោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មានក៏ធ្លាប់បានលើកអំពីបញ្ហានេះ កាលពីកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាននៅឥណ្ឌូនេស៊ី។
ជាការឆ្លើយតប លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីមានក្រសួងព័ត៌ មានប្រសាសន៍ថា យុទ្ធនាការនេះ កំពុងទទួលបានការគាំទ្រ ពីបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។ យុទ្ធនាការនេះដែរ គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជន ចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជនងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមិនមានប្រភពច្បាស់លាស់៕