681 ezgif.com resize
Swift cc time

រយៈពេលជិត១ខែ ប្រតិបត្តិការបង្រ្កាបបទល្មើស(Online Scams) ឃាត់ខ្លួនមនុស្សសរុបជាង ៣ពាន់នាក់ ចិន និងវៀតណាមច្រើនជាងគេ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ១៣៨ទីតាំង, ឃាត់ខ្លួនជនសង្ស័យសរុប ៣.០៧៥នាក់ (ស្រី ៦០៦នាក់) ក្នុងនោះជនជាតិ ចិន, វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដេស, ថៃ, កូរ៉េ, ប៉ាគីស្ថាន, នេប៉ាល់, ម៉ាឡេស៊ី និងជនជាតិផ្សេងៗទៀត ហ្វីលីពីន ឡាវ កាមេរ៉ូន នីហ្សេរីយ៉ា យូហ្គាន់ដា សេរ៉ាលីអូន ម៉ុងហ្គោលីរុស្ស៊ី មីយ៉ាន់ម៉ា ជាដើម។

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងប្រទេសកម្ពុជា៖ គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ គ.ប.ឆ.ប. បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ១៣៨ទីតាំងុំ ឃាត់ខ្លួនជនសង្ស័យសរុប ៣.០៧៥នាក់ (ស្រី ៦០៦នាក់) ក្នុងនោះជនជាតិចិន ១,០២៨នាក់(ស្រី ៨៩នាក់), វៀតណាម ៦៩៣នាក់(ស្រី ១៩០នាក់), ជនជាតិឥណ្ឌូនេស៊ី ៣៦៦នាក់(ស្រី ៧០), ឥណ្ឌា ១០៥នាក់(ស្រី ៩នាក់), បង់ក្លាដេស ១០១នាក់(ស្រី ២៧នាក់), ថៃ ៨២នាក់(ស្រី ១៣នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់), ប៉ាគីស្ថាន ៨១នាក់(ស្រី ៣នាក់), នេប៉ាល់ ១៣នាក់ ម៉ាឡេស៊ី ៤នាក់ និងជនជាតិផ្សេងៗទៀត ហ្វីលីពីន ឡាវ កាមេរ៉ូន នីហ្សេរីយ៉ា យូហ្គាន់ដា សេរ៉ាលីអូន ម៉ុងហ្គោលីរុស្ស៊ី មីយ៉ាន់ម៉ា ជាដើម។

ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជា កុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) សម្លៀកបំពាក់ប៉ូលិសចិនមួយចំនួន ជញ្ជីងថ្លឹងគ្រឿងញៀន-ប្រអប់ដាក់គ្រឿងញៀន ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន សារធាតុញៀន សម្ភារឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន អាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។

សូមជម្រាបថា ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ ក្នុងនោះ តុលាការបានចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នមេក្លោងចំនួន ៨នាក់) បញ្ជូនជនជាតិចិនចំនួន ១៧នាក់(ស្រី ២នាក់) ទៅស្នាក់ការត្រៀមបណ្ដេញចេញប្រចាំខេត្តព្រះសីហនុ ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅប្រទេសសាមី។ ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕


Khcct banner

អត្ថបទទាក់ទង